ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ដឹកនាំបើកយុទ្ធនាការនឹងដង្ហែក្បួនឃោសនាបោះឆ្នោតនៅឃុំ បន្ទាយស្ទោង

0

កំពង់ធំ៖  ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដឹកនាំការបើកយុទ្ធនាការ និងការហែក្បួនឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនឃុំបន្ទាយស្ទោង ដែលមានសមាជិកចូល រួមជាង៦០០នាក់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។ 

លោក សូត្រ អ៊ុល បេក្ខជនលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនឃុំបន្ទាយស្ទោង អមដោយបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង បានឡើងថ្លែងនូវកិច្ចស្វាគមន៍ចំពោះគណៈអធិបតីនិងអង្គពិធី ហើយបានអាននូវគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា និងផែនការអភិវឌ្ឍន៍ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ 

ឯកឧត្តម សោម ស៊ុន បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនជនរួម ជាតិទាំងអស់ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា នឹងផ្សព្វផ្សាយសមិទ្ធផលជាប្រវត្តិសាស្ត្រនានា ដែលគណបក្សប្រជាជនកម្ពុជា សម្រេចជូនជាតិនិងប្រជាជន ព្រមទាំងបានអំពាវនាវដល់សមាជិកគណបក្សប្រជាជនទាំងអស់ នៅឃុំបន្ទាយស្ទោង រួមនិង ប្រជាពលរដ្ឋ មេត្តាអញ្ជើញទៅបោះឆ្នោត ជូនបេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី៤ នៅក្នុងសន្លឹកឆ្នោតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំឲ្យបានគ្រប់គ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តរក្សាសុខ សន្តិភាព និងការអភិវឌ្ឍន៍មូលដ្ឋាននិងប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្តទៀត ។

 

បន្ទាប់មកក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជន ឃុំបន្ទាយស្ទោង បានចេញដំណើរដង្ហែរក្បួនឃោសនា បោះឆ្នោត នៅតាមមូលដ្ឋាននានាទាំង១៥ភូមិរបស់ឃុំបន្ទាយស្ទោង និងបានជួបជុំគ្នាពិសារអាហារថ្ងៃត្រង់នៅវត្តចំបក់បញ្ញា ឃុំបន្ទាយស្ទោង ប្រកបដោយបរិយាកាសស្និតស្នាលនិងរីករាយក្រៃលែង និងបានប្ដេជ្ញាចិត្តបន្តដណ្ដើមយកជ័យជំនះក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២នេះឲ្យបានជាដាច់ខាត ៕ ដោយ ប៊ុន​ រដ្ឋា