គណបក្សប្រជាជនកម្ពុជាដង្ហែធំជាងគេនៅគ្រប់ឃុំ សង្កាត់ទាំង ៦៧នៃ៩ស្រុក-ក្រុងពេលបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំសង្កាត់នៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ នាថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំ សង្កាត់អាណត្តិទី៥ គឺថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២២ នេះនៅបន្ទាយមានជ័យ តាមឃុំ សង្កាត់ទាំង៦៧នៃ៩ស្រុកក្រុង សម្រាប់គណប្រជាជនកម្ពុជាបានដង្ហែទ្រង់ទ្រាយមធ្យមនិងធំ ដើម្បីបិទយុទ្ធនាការដែលមានរយ:ពេល១៤ថ្ងៃមកនេះ ។
ក្នុងនោះនៅសង្កាត់នានាក្រុងសិរីសោភ័ណដឹកនាំយុទ្ធនាការដោយលោកអ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងមន្ត្រីថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្ស។
រីឯនៅសង្កាត់នានាក្រុងប៉ោយប៉ែត ដែលដង្ហែរួមគ្នាទាំង៥សង្កាត់ បានដឹកនាំដោយលោកកែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ។
ចំពោះនៅឃុំនានានៃស្រុក៧ទៀត ដឹកនាំដោយមន្ត្រីថ្នាក់ដឹកនាំនានានៃក្រុមការងារគណបក្ស។
ឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងខ្លីពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខលើការគ្រប់គ្រង ដឹកនាំនិងអភិវឌ្ឍន៍ឃុំ សង្កាត់ ក៏ដូចជាថែក្សាសន្តិភាព ការអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពពលរដ្ឋអោយរីកចម្រើន សុខសុវត្ថិភាព សុខភមង្គល ជាដើម ។
មន្ត្រីថ្នាក់ដឹកនាំផ្សេងទៀត ក៏លើកឡើងដូចគ្នានេះដែរ ។
ហើយចុងក្រោយបានសូមអោយសមាជិក សមាជិកាគណបក្សនិងពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមលេខរៀងឃុំ សង្កាត់ ដើម្បីបានបេក្ខជនគណបក្សបានដឹកនាំមូលដ្ឋានបន្តទៀត ។
លោក ហី គឹមសេង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យប្រាប់ថា: នៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ មានគណបក្សប្រជាេជនកម្ពុជា ជាគណបក្សកាន់អំណាច បានដង្ហែឃោសនានៅគ្រប់ឃុំ សង្កាត់ ។ក្នុងនោះប្រមូលផ្តុំធំនិងមានអ្នកចូលរួមច្រើននៅក្រុងប៉ោយប៉ែត ។
ចំណែកគណបក្ស គណបក្សប្រឆាំងនិងគណបក្ស៩ផ្សេងទៀតដែលបានចុះឈ្មោះបេក្ខជន /នារី ក្នុងខេត្ត មានធ្វើសកម្មភាពឃោសនាតិចតួចនិងតូចតាចប៉ុណ្ណោះ ។ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ បរិយាកាសទូទៅក្នុងដំណើរការនេះបានប្រព្រឹត្តទៅដោយរលូន ល្អប្រសើរដូចជាថ្ងៃបើក កណ្តាលនៃយុទ្ធនាការដែរ ៕ដោយ៖ឃិន គន្ធា