​ឧបនាយករដ្ឋមន្ត្រី​​ យឹម​ ឆៃលី​​ ប្រកាសបិទ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិ​ទី​៥​ នៅ​ខេត្តកំពង់ចាម​

0

កំពង់ចាម​:​ ថ្ងៃ​ចុងក្រោយ​នៃ​ការ​ ធ្វើ​យុទ្ធនាការឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិ​ទី​៥ ដែល​ជា​ថ្ងៃ​ត្រូវ​បិទ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ជាទូទៅ​ នាព្រឹក​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​​ យឹម​ ឆៃលី​ សមាជិក​អចិន្ដ្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្តោល​ គណបក្សបក្សប្រជាជនកម្ពុជា​ និង​ជា​ប្រធាន​ក្រុម​កាងារ​ថ្នាក់​កណ្ដាល​ ចុះ​ជួយ​ខេត្ត​កំពង់ចាម​​​ រួម​ជាមួយ​​ឯកឧត្តម​ លោកជំទាវ​ ក្រុមការងារថ្នាក់កណ្តាល-ខេត្ត​-ក្រុង​ បានដឹកនាំសមាជិក​ សមាជិកា​ តំណាងមេគ្រួសារ​ គណបក្សបក្សប្រជាជនកម្ពុជា​ ខេត្ត​កំពង់ចាម​ ប្រមាណ​ជិត​១ម៉ឺននាក់ បាន​ចូលរួម​​ប្រារព្ធ​ពិធី​បិទ​​យុទ្ធនាការ​ ឃោសនា​ ស្វែង​រកសំឡេងឆ្នោត នៅ​ក្នុង​ក្រុង​កំពង់ចាម​ ក្នុងនោះ​ក៏​មាន​ការ​ប្រារព្ធ​ពិធី​បិទ​ការ​ឃោសនា​នៅ​តាម​បណ្ដា​ស្រុក​ ដែល​មានការ​ចូលរួម​ពី​​សមាជិក​ សមាជិការ​ គណបក្ស​ប្រជាជន​កម្ពុជា​​ រាប់ពាន់​​នាក់​ផង​ដែរ​។

ក្នុង​ពិធី​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម​ បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ភាព​ជោគជ័យ​​នូវលទ្ធផលបោះឆ្នោត​សាកល្បង និងបានណែនាំ​ឲ្យ​សកម្មជន និងយុវជនបក្សចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោត​ផងដែរ​ ។

​​នាឱកាសនោះដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បាន​ធ្វើ​ការ​ប្រកាស​បិទយុទ្ធនាការ​ឃោសនា​ ស្វែង​រក​សំឡេង​ឆ្នោត​ ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិ​ទី​៥​ ព្រមទាំង​បានថ្លែងនូវគោលនយោបាយសំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ដោយប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានការ​រីកចម្រើន​ឡើង​ សំបូររុងរឿងស្ថិតស្ថេរគង់វង្ស​ ឲ្យ​ប្រទេសយើង​ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព​ និងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​គណបក្ស​នយោបាយ​ ដែលបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ គ.ជ.ប​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ស្វែង​រក​សំឡេង​ឆ្នោត​គាំទ្រ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិ​ទី​៥​ ​នេះ​ ក្នុង​ខេត្តកំពង់ចាម​ គឺមាន​ចំនួន​១៣​ ​គណបក្ស​ ចំពោះ​យុទ្ធនាការឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​ គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​គត់​ ដែល​បាន​ធ្វើ​ពិធី​ដង្ហែរ​ក្បួន​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​គេ​ ដោយឡែក​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ មិន​​មាន​សកម្មភាព​អ្វី​ធំដុំ​គួរឲ្យ​កត់សម្គាល់​នោះ​ឡេីយ​ ៕