អគ្គនាយកពន្ធនាគារ ក្រើនរំលឹកនាំដល់មន្ដ្រីពន្ធនាគារឲ្យពង្រឹងសមត្ថភាព និងអនុវត្ដការងារឱ្យមានប្រសិទ្ធិភាព

មន្ដ្រីជាន់ខ្ពស់នៃអគ្គនាយករដ្ឋានពន្ធនាគារ បានណែនាំដល់មន្ដ្រីពន្ធនាគារ ឱ្យលើកកម្ពស់ និងយកចិត្ដទុកដាក់ពង្រឹងអនុវត្ដការងាររបស់ខ្លួន ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈម លុបបំបាត់ភាពអសកម្មដែលនាំឱ្យមានការរាំងស្ទះដល់អង្គភាព ។

ឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងនៅក្នុងពិធីបំពាក់ឋានន្ដរស័ក្ដិ និងប្រកាសមុខតំណែងមន្ដ្រីពន្ធនាគារខេត្ដសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយបានបញ្ជាក់ថា ការ ងារគ្រប់គ្រងពន្ធនាគារ គឺជាភារកិច្ចមួយដ៏មានសារៈសំខាន់ស្មុគ្រស្មាញ និង ប្រទាក់ក្រឡាគ្នា ដែលទាមទារឲ្យមន្ដ្រីត្រូវយកចិត្តទុកដាក់ គិតគូរយ៉ាងហ្មត់ចត់ និង រៀបចំកែសម្រួលបត់បែនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងទំហំការងារជាក់ស្ដែងផង និង ស្របតាមដំណាក់កាលវិវត្តប្រែប្រួលរីកចម្រើនរបស់សង្គមជាតិផងដែរ ។ ឯកឧត្ដមបានបន្ដថា ការវិវត្តប្រែប្រួលនៃសង្គមជាតិពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការពង្រឹងវិធានការច្បាប់ជាបន្តបន្ទាប់ បង្កើតឲ្យមានបញ្ហាប្រឈមនានា ទាំងការងារគ្រប់គ្រងនៅអង្គភាពប្រតិបត្តិការផ្ទាល់ពន្ធនាគារ ក៏ដូចជានៅថ្នាក់កណ្ដាលផងដែរ ។ ក្នុងនោះរួមមាន ការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ និងប្រសិទ្ធភាពអនុវត្តការស្តារនីតិសម្បទាជាប់ឃុំ កំពុងជួបការលំបាកស្មុគ្រស្មាញកាន់តែច្រើនឡើង ដែលទាមទារឲ្យគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ពង្រឹងការ ងាររបស់ខ្លួន សំដៅដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈការលុបបំបាត់ឲ្យបាននូវបាតុភាពអសកម្មទាំងឡាយ ដែលនាំឲ្យរាំងស្ទះដល់ការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាព ដើម្បីសម្រេចបានគោលដៅក្របខ័ណ្ឌកំណែទម្រង់ពន្ធនាគារក្រសួងមហាផ្ទៃ ផែនការណ៍យុទ្ធសាស្ត្រ៥ឆ្នាំ(២០១៩-២០២៣) របស់អគ្គនាយកដ្ឋានពន្ធនាគារ និងពង្រឹងការងារគ្រប់គ្រងពន្ធនាគារផ្សេងទៀត ។ ឯកឧត្ដម បានណែនាំនិងដាក់វិធានការមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តសៀមរាបគ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងមន្ត្រី ដើម្បីធានាប្រសិទ្ធិភាពការងារ ធ្វើយ៉ាងណាលុបបំបាត់នូវបាតុភាពមិនប្រក្រតី ភាពអសកម្មទាំងឡាយដែលនៅសេសសល់ និង ត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹងទូទៅ និង សិក្សាស្វែងយល់បន្ថែមទៀត ពីច្បាប់ស្តីពីពន្ធនាគារ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ នីតិវិធីពន្ធនាគារ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានផ្សេងៗទៀតពាក់ព័ន្ធការងារពន្ធនាគារ ។ គ្រប់ថ្នាក់ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ទៅតាមឋានានុក្រម តាមតួនាទីភារកិច្ចដែលបានបែងចែក និងតាមដានត្រួតពិនិត្យរាល់ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទជាប្រចាំ ព្រមទាំងបញ្ចេញជនជាប់ឃុំ ឲ្យធ្វើពលកម្ម ឬការងារផ្សេងទៀតនៅក្រៅអគារឃុំឃាំង ត្រូវជ្រើសរើសយកជនជាប់ឃុំដែលមានកម្រិតសន្តិសុខទាប ឬជនជាប់ឃុំដែលមានកែប្រែខ្លួនបានល្អ ដោយផ្អែកលើការវាយតម្លៃរបស់គណៈកម្មការធ្វើចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ។

លោកឧត្ដមសេនីយ៍ទោ ភាន ឆវ័ន ប្រធានពន្ធនាគារខេត្ដសៀមរាប មានប្រសាសន៍ថា លោកបានខិតខំពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពសុខភាព សណ្តាប់ធ្នាប់ពន្ធនាគារ ប្រកបដោយមនុស្សធម៌ ការងារអប់រំកែប្រែស្តារនីតិ សម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការងាររៀបចំចំណាត់ថ្នាក់ប្រលងប្រណាំង កម្រិតកែប្រែខ្លួន និងចំណាត់ថ្នាក់សន្តិសុខរបស់ជនជាប់ឃុំ ព្រមទាំងរៀបចំចាត់ចែងជនជាប់ឃុំរស់នៅជាក្រុម ជាកង តាមបន្ទប់អគារ និងការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីភាពងាយស្រួលក្នុងគ្រប់គ្រងអង្គភាពផងដែរ ។ បន្ថែមលើពីនោះ មានបង្កើនការត្រួតពិនិត្យឆែកឆេរតាមបន្ទប់ឃុំឃាំង និងសម្ភារៈដែលគ្រួសារ សាច់ញាតិមិត្ត ឬអ្នកមកសួរសុខទុកផ្តល់ជនជាប់ឃុំឲ្យបានហ្មត់ចត់ និងកត់ត្រាបានច្បាស់លាស់បំផុត ។ ជាមួយគ្នានោះ បានបង្កើនការងារជំនាញស៊ើបការណ៍អប់រំទាំងចំហរ ទាំងសម្ងាត់ ដើម្បីក្តាប់បានសភាពការណ៍ផ្សេងៗ សំដៅមានវិធានការបង្ការទប់ស្កាត់បានទាន់ពេលវេលា ។ លោកបញ្ជាក់ថា ពន្ធនាគារខេត្ដសៀមរាប មានជនជាប់ឃុំសរុបចំនួន ១ពាន់៦៦៦ នាក់ ស្រ្តី ១០៩ នាក់ អនីតិជន ១៥៦ នាក់ក្នុងនោះស្ត្រី ០២ នាក់ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប