ប្រើកាំបិតខ្វែវអារ.ក សម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់

ខេត្តបាត់ដំបង ÷ ភ្ញាក់ផ្អើលពេលដឹងថាមានមនុស្សស្លាប់នៅក្នុងផ្ទះសំណាក់ ដោយចាំបាច់ត្រូវរាយការណ៍សមត្ថកិច្ច និងត្រូវគាស់ទ្វារបន្ទប់តែម្តង។

ករណីនេះគឺដឹងនៅវេលាម៉ោង ១ រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច ក្នុងផ្ទះសំណាក់យីហោ ផ្ការំចង់ បន្ទប់លេខ៧៧៧៧ ក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយពីបានធ្វើការស្រាវជ្រាវទើបដឹងថា សពជនរងគ្រោះមានឈ្មោះ តឿក រាវ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិពោធិ៍២ដើម សង្កាត់បត់ត្រង់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺពីឈ្មោះ លី អ៊ាន ភេទប្រុស អាយុ៧៣ ឆ្នាំមុខរបរ យាមផ្ទះសំណាក់ខាងលើ បានរៀបរាប់ថា កាលពីថ្ងៃទី ១២ មិថុនា វេលាម៉ោង ៧ និង ១០នាទី យប់ មានមនុស្សប្រុស០១នាក់ អាយុប្រហែល៥០ឆ្នាំ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក មានការ៉ុងព៌ណស នៅពីខាងមុខកែបម៉ូតូបានមកជួលបន្ទប់លេខ៧៧៧៧ ដើម្បីស្នាក់នៅ ពេលនោះខ្លួនក៏បានយកសោរបន្ទប់ចាក់បន្ទប់ដើម្បីជួលអោយ ហើយខ្លួនក៏បានប្រាប់ថាអោយអូសម៉ូតូចូលក្នុងបន្ទប់ទៅ បន្ទាប់មកខ្លួនក៏មកធ្វើការធម្មតាវិញ លុះស្អែកឡើង វេលាម៉ោង១១ និង ២០នាទី ឈ្មោះ ភាព ភេទស្រី ធ្វើការខាងអនាម័យ បានមកដាស់ខ្លួន ដែលកំពុងតែដេកថ្ងៃ ហើយសួរថា តាឯងដាក់អ្នកណាគេក្នុងបន្ទប់៧៧៧៧ ខ្ញុំដាស់អត់ងើប សោះ ហើយខ្លួនក៏បានងើបដើរទៅជាមួយឈ្មោះភាពដើម្បីគោះទ្វារ ហើយស្រែកហៅ ពេលនោះមិនមានអ្នកឆ្លើយតបទេ ក្នុងចិត្តក៏សង្ស័យ ក៏បានអោយឈ្មោះ ភាព យកដែកស្បែង បុកទ្វារបង្ហើបមើល ដោយឲ្យក្មេងៗនៅជាមួយ ឈួលភ្លើងទូរស័ព្ទមើលទៅខាងក្នុងបន្ទប់ ក៏ឃើញមានឈាម ហើយពួកខ្លួន មិនហ៊ានចូលទៅមើលទេ ក៏ប្រញាប់រាយការណ៍ ទៅសមត្ថកិច្ចតែម្ដង ។

ដោយឡែកឈ្មោះ យិន សំណាង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមេជាងសំណង់ មានទីលំនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបំភ្លឺថា÷កាលពីអំឡុងខែកុម្ភ: កន្លងទៅជនរងគ្រោះ បាននាំប្រពន្ធវាមកសុំខ្លួនធ្វើជាកូនជាងសំណង់ នៅប៉ោយប៉ែតបានរយ:ពេល២ខែ ក៏ស្រាប់តែវាមានជម្ងឺឈឺក្បាលជាប្រចាំហើយដល់ពេលល្ងាចសម្រាកពីការងារវាផឹកស្រាជាប្រចាំ។ លុះនៅចុងខែមេសា ឆ្នាំ២០២២ ប្រពន្ធវា បាននាំទៅពេទ្យព្យាបា ល ហើយពេទ្យប្រាប់ថាវា រលាកស្រោមខួរក្បាល ដោយបើកថ្នាំពេទ្យមកព្យាបាលខ្លួនឯង ដោយធ្វើការបណ្តើរព្យាបាលបណ្តើរ ពេលខ្លះវាកំពុងតែធ្វើការក៏ស្ទុះរត់ហើយស្រែកថាមានគេមកចាប់ រឺសម្លាប់វា តែការពិតមិនមានអ្នកណាធ្វើអ្វីវានោះទេ។

ស្ត្រីជាភរិយាឈ្មោះ សែម លក្ខិណា អាយុ ៣៨ ឆ្នាំ បាននិយាយថា កាលពីក្នុងអំឡុងឆ្នាំ ២០២១ ប្ដីរបស់ខ្លួនមានស្មារតីមិនប្រក្រតី តាមខ្លួនដឹង ប្រហែលមកពី កាលពីមុន គាត់ទៅធ្វើការនៅប្រទេសថៃ គាត់បានធ្លាក់ពីលើអាគារកម្ពស់ពីរជាន់ ពេលនោះ ពេទ្យបានប្រាប់ខ្លួនថា ពេលតទៅមុខ ប្ដីរបស់ខ្លួន អាចនឹងមានបញ្ហាខួរក្បាល ព្រោះប៉ះពាល់ផ្នែកក្បាលខ្លាំង ពេលខ្លះគាត់និយាយថា ខ្លាចមនុស្សគ្រប់គ្នា ពេលគាត់វក់ម្ដងៗ ខ្លួនបានយកច្រវ៉ាក់ចាក់ជើង និងពេលខ្លះទៀត គាត់បានជិះម៉ូតូទៅបាត់បីបួនថ្ងៃក៏មាន ប៉ុន្តែគាត់នៅតែបន្តធ្វើការងារសំណង់ ឆ្ងាយពីផ្ទះ ពេលគាត់ទៅធ្វើការសំណង់ ខ្លួនតែងទៅតាមគាត់ជាប់រហូត ប៉ុន្តែក្នុងខែមិថុនាឆ្នាំ ២០២២ គាត់ក៏ឈប់ឲ្យខ្លួន តាមគាត់ទៀត ដោយឱ្យខ្លួននៅផ្ទះមើលកូន ចាប់ពីពេលនោះមក ខ្លួនក៏មិនដឹងថា ប្ដីរបស់ខ្លួនទៅធ្វើការនៅទីណាទេ រហូតដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ គាត់បានមកផ្ទះមួយភ្លែត យកលុយមកអោយខ្លួន ចំនួន ២៥ ម៉ឺនរៀល ដើម្បីបង់អង្គការ ហើយគាត់ក៏បាននិយាយជាមួយកូនថា ប៉ាទៅវិញហើយ ប៉ាមានពេលមិនយូរទេ ពេលគាត់និយាយរួច ក៏ជិះម៉ូតូត្រឡប់ទៅវិញបាត់ ប៉ុន្តែមិនដឹងទៅទីណាទេ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៧ ជាង ក៏មានគេទូរស័ព្ទមកប្រាប់ខ្លួនថា ប្ដីរបស់ខ្លួន បានស្លាប់បាត់ហើយ ដោយធ្វើអត្តឃាត អារ.ក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ ផ្ទះសំណាក់ ពេលខ្លួនបានទទួល ដំណឹងភ្លាម ខ្លួនក៏សុំឱ្យអ្នកជិតខាង ជូនខ្លួនមកស្រុកបវេលតែម្ដង ។

ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និង គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា÷សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារធ្វើអត្តឃាត (ដោយយកកាំបិតខ្វែវអារ.កសម្លាប់ខ្លួនឯងពិតប្រាកដមែន) ដោយជនរងគ្រោះមានជម្ងឺរលាកស្រោមខួក្បាល និង មានសតិមិនល្អ ហើយក៏បានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ : ព្រាប.ស