ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៦នាក់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យរក្សាទុក ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ៦នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនទាំង ៦នាក់នោះ បានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២មិថុនា ដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២២ ស្ថិតនៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃ១៤មិថុនានេះថា ជនសង្ស័យរក្សាទុក ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា គឺនៅថ្ងៃ១២មិថុនា និងនៅថ្ងៃ១៣មិថុនាឆ្នាំ២០២២។ លោកថា ក្នុងពេលកំពុងឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំដោយរូបលោកផ្ទាល់ និងអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការអាវុធហត្ថស្រុកជាំក្សាន្ត បានឆែកឆេររកឃើញ និងដកហូតបានវត្ថុតាងថ្នាំញៀន​ ប្រភេទម៉ាទឹកកក ៣កញ្ចប់តូច ,ទូរសព្ទ័ដៃ ៦គ្រឿង ,ប្រាក់រៀល២២ម៉ឺនរៀល ,ប្រាក់ដុល្លារ ៥០ដុល្លារ ,ម៉ូតូ ១គ្រឿង ម៉ាកវីនន័រ ពណ៌ខ្មៅ , ចិញ្ជៀនស្ពាន់ ១វង្ស, ចិញ្ជៀនប្រាក់ ១វង្ស ,នាឡិការដៃ ១គ្រឿង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ផងដែរ។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានឲ្យដឹងទៀតថា បុរសជាជនសង្ស័យទាំង ៦នាក់ ,៤នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១២មិថុនាឆ្នាំ២០២២ គឺ ១.ឈ្មោះ ប្រាក់ ភារិទ្ធ អាយុ ៣៧ឆ្នាំ ,២. សុង ឆុង អាយុ ៣៤ឆ្នាំ ,៣.ជា វណ្ណឌី អាយុ ៥២ឆ្នាំ និង ៤.ឈ្មោះ អ៊ុយ រ៉ាគោ អាយុ ២៩ឆ្នាំ ជនសង្ស័យទាំង ៤នាក់ មាន ៣នាក់ គឺជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ។ ចំណែក បុរសជាជនសង្ស័យ ២នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅថ្ងៃ ១៣មិថុនា ២០២២ គឺ ១. ព្រហ្ម សោភណ្ឌ័ អាយុ ៣៨ឆ្នាំ និង២. អូន សុខសាន្ត អាយុ ៣២ ឆ្នាំ ជនសង្ស័យទាំង ៦នាក់ មានមុខរបរពុំពិតប្រាកដ រស់នៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងអាវុធហត្ថខេត្ត និងស្រុក បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងក្រោមការអនុញ្ញាត និងកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ ទើបប្រតិបត្តិការនេះ អនុវត្តបានជោគជ័យ។

ក្រោយការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ និងដកហូតបានវត្ថុតាងបទល្មើសគ្រឿងញៀនរួច កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។

នៅខណៈនេះ ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងការរក្សាទុក ពីកម្លាំងជំនាញអាវុធហត្ថខេត្ត ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ