បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម ប្រចាំឆ្នាំ២០២២

0

កំពង់ធំ៖ លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺននិងបណ្ដុះបណ្ដាលជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី រួមទាំងឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៃយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម សម្រាប់ប្រចាំឆ្នាំ២០២២ ដោយមានក្រុមគ្រូបង្គោល និងយោធិនក្រោមឱវាទចូលរួមផ្សព្វផ្សាយចំនួន១៨៥ នាក់នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានលោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ ព្រមទាំងប្រតិភូ អញ្ជើញចូលរួមជាវាគ្មិនក្នុងការផ្សព្វផ្សាយច្បាប់ដ៏មានសារៈសំខាន់
រួមទាំងបានសំណូមពរដល់ក្រមគ្រូបង្គោល និង នាយទាហាន នាយទាហានរងព្រមទាំងពលទាហានទាំងអស់
យកចិត្តទុកដាក់តាមដានស្ដាប់ និងសួរនាំនូវរាល់ការចម្ងល់ផ្សេងៗ ដើម្បីផ្សព្វផ្សាយដល់យោធិនក្រោមឱវាទនៅតាមអង្គភាពនីមួយៗដើម្បីបានយល់ជ្រួតជ្រាបអំពីភាពពិសពុលរបស់បណ្ដាប្រទេសមហាអំណាចមួយចំនួន ក្នុងការផលិតនិងប្រើប្រាស់អាវុធមហាប្រល័យនេះ ។

លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរៀបចំ និងអញ្ជើញនាយទាហាន នាយទាហានរងនិងពលទាហាន ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម ក្នុងគោលបំណងធ្វើឱ្យយោធិនយើងគ្រប់រូប បានយល់ជ្រាបអំពីឥទ្ធិពលនៃអាវុធនេះ ។
បន្ទាប់ពីការសិក្សាស្វែងយល់រៀនសូត្របានបញ្ចប់ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ តំណាងអាជ្ញាធរជាតិអាវុធគីមី បានប្រគល់សៀវភៅច្បាប់ស្តីការពី ហាមឃាត់ អាវុធ គីមី អាវុធ នុយក្លេអ៊ែរ អាវុធ ជីវសាស្ត្រ និង វិទ្យុ សកម្ម ជូនដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផងដែរ ។
ដោយ ប៊ុន រដ្ឋា