ចាញ់ចូលពេទ្យ ឈ្នះចូលគុក ដោយសារទាស់សម្តីពេលផឹកសុី

0

ខេត្តបាត់ដំបង ÷ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកថ្មគោលចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើកាំបិតកាប់ទៅលើគូបដិបក្ខ បណ្តាលអោយរងរបួសជាច្រើនកន្លែង ដោយសារទំនាស់ក្នុងពេលផឹកសុី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីហឹង្សាដោយចេតនា និងមានស្ថានទម្ងន់នេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១ និង ៣០នាទី យប់ នៅចំណុចក្រុមទី២២ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីនេះគឺបានបង្កឡើងដោយឈ្មោះ ទិន រស្មី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល បានយកកាំបិតប័ុងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ី គឹមឡាយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បណ្ដាលឲ្យរបួសជាច្រើនកន្លែង គឺត្រូវត្រង់ ថ្ពាល់ខាងស្តាំ ១កន្លែង ខ្នងចំនួន ២កន្លែង ក ដៃខាងស្តាំ ១កន្លែង ឆ្អឹងជំនីខាងឆ្វេង ១កន្លែង ដងកាំបិតខាងឆ្វេង ១កន្លែង និង ស្មាខាងឆ្វេង ១កន្លែង។

ក្រោយពីសមត្ថកិច្ចចុះឃាត់ខ្លួនរួចមក ជនសង្ស័យបានសារភាពថា មូលហេតុគឺទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ីជាមួយគ្នា។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ៕ ព្រាប.ស