ទេសរដ្ឋមន្ត្រី​ គន់​ គីម​ បានថ្លែងថា​ គុណចំណាច់​​របស់អតីតយុទ្ធជនមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល​

0

កំពង់ចាម​:​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធាន​ និងជាអគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា​ បានថ្លែងថា គុណចំណាច់​​របស់អតីតយុទ្ធជន មិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី​សំណាក់​រាជរដ្ឋាភិបាល​ ឲ្យសក្តិសមទៅនឹងអ្វីដែលបងប្អូនជាអតីតយុទ្ធជនបានលះបង់ពលីទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២២​ នៅសាលាខេត្តកំពង់ចាម​ នាព្រឹក​មិញនេះ​

នាឱកាស​នោះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ គន់​ គីម​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន​ចំពោះជាតិ​មាតុភូមិ និងប្រជាជនកម្ពុជា ដោយឡែក​ការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដែល​បាន​ធ្វើឡើង​ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ​ឲ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនយេីង​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​ខេត្តកំពង់ចាម​ បាន​អាន​នូវ​សារលិខិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបានលើកឡើងពីពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជានៅគ្រប់​ដំណាក់កាល​នៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់​ព្រះរាជាណាចក្រកម្ពុជា សំដៅធានា​ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា​ផងដែរ​ ។
ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥​នេះដែរ​ បងប្អូនអតីតយុទ្ធជនដែលចូលរួមក្នុងពិធីត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផងដែរ​ ៕