កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

0

ត្បូងឃ្មុំ​:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា​ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិក សមាជិកាសាខា យុវជនកាកបាទក្រហមខេត្ត យាយជីតាជី និង​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បានអញ្ជើញបូជា ធូប ទៀន ផ្កាភ្ញី ថ្វាយព្រះបដិមាករ និងនាំយក ចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ​ ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៥ យាងចូល ៨៦ព្រះវស្សា​ ។

ឆ្លៀតក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី សាខាកាកបាទក្រហមខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជានុរាស្រ្តទូទាំងខេត្តត្បូងឃ្មុំ ក៏សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាការពារ និងប្រោះព្រំសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីបានប្រារព្ធពិធីសូត្រមន្ត រាប់បាត និងប្រគេនទេយ្យទានព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ប្រពៃណីរួចមក គណៈអធិបតីបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់តាជី យាយជី ក្នុងម្នាក់ ទទួលបានសារ៉ុង១ និងថវិកាមួយចំនួនផងដែរ ៕