អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារក្នុងគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានថ្លែងនូវការអរគុណឯកឧត្ដមអភិបាលខេត្ត ចំពោះជំនួបនាថ្ងៃនេះ ក៏ដូចជាការសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមក្នុងរយៈពេល ៣ថ្ងៃមកនេះ ក្នុងទឹកដីនៃខេត្តស្វាយរៀង ដែលឯកឧត្ដម និងក្រុមការងារ ទទួលបាននូវធាតុចូលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់នានារបស់ខេត្តស្វាយរៀង ហើយឯកឧត្ដមនឹងនាំយកព័ត៌មានទាំងនេះជូនដល់អ្នកវិនិយោគឥណ្ឌូនេស៊ី ដើម្បីសិក្សាពីឱកាសវិនិយោគក្នុងខេត្តស្វាយរៀង ។ ជាមួយនេះ ឯកឧត្ដម ក៏បានថ្លែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានផ្ដល់នូវការយកចិត្តទុកដាក់ និងការពារយ៉ាងល្អប្រសើរដល់ប្រជាជនឥណ្ឌូនេស៊ីដែលកំពុងធ្វើការក្នុងខេត្តស្វាយរៀង និងសំណូមដល់អាជ្ញាធរខេត្តជួយការពារបន្តទៀត ។
មានប្រសាន៍ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត ។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍គ្រប់ដណ្ដប់ពេញលេញនៅទូទាំងខេត្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងយ៉ាងហោច ៣ដូស ជូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ដូសទី៤ និងដូសទី៥បន្ថែមទៀត ស្របតាមការដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ជាចុងបញ្ចប់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកទស្សនកិច្ចក្នុងខេត្តស្វាយរៀងនាឱកាសនេះ ហើយក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការគាំទ្រចំពោះគម្រោងវិនិយោគនានាដែលឥណ្ឌូណេស៊ីមានបំណងចង់មកបណ្តាក់ទុននៅខេត្តស្វាយរៀង នាពេលខាងមុខ ហើយចំពោះជនបរទេសទាំងអស់ រួមទាំងប្រជាជនឥណ្ឌូនេស៊ីផងដែរ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តស្វាយរៀង គឺអាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុតគាំពារ និងការពារសន្តិសុខសុវត្ថិភាពជូនពួកគាត់ជានិច្ច ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីជំនួបជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតនៅថ្ងៃនេះ វិនិយោគិនឥណ្ឌូនេស៊ី នឹងអញ្ជើញមកវិនិយោគនៅក្នុងខេត្តស្វាយរៀង ខណៈដែលកន្លងមកមិនទាន់មានអ្នកវិនិយោគឥណ្ឌូនេស៊ីនៅក្នុងខេត្តស្វាយរៀងនៅឡើយទេ ។
សូមជម្រាបជូនថា ជំនួបនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកប្រធានអង្គភាពអគ្គិសនីស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕គឹមសេង