កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំសមាជិក សមាជិកា និងមន្ត្រីរាជការ នៃមន្ទីរ អង្គភាព ស្ថាប័ន នៅក្នុងខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិ នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា ដែលពិធីនេះបានធ្វេីឡេីងនៅសាលាខេត្ត នា​ព្រឹក​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ។

 

ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង គណៈកិត្តិយស គណៈ:កម្មាធិការ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងប្រជាពលរដ្ឋទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំ ទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ ។​

 

បន្ទាប់ពី ព្រះនាគសត្ថា ស៊ាង លាង ព្រះបាឡាត់គណខេត្ត និងព្រះមន្ត្រីសង្ឃ ៨អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណី​សាសនា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត រួចមក ឯកឧត្តម អ៊ុនចាន់ដា និង ឯកឧត្តមខ្លូត ផន ព្រមទាំង ថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៩អង្គ ដោយក្នុងមួយអង្គ ៖ ចង្ហាន់ ១ស្រាក់ , ផ្លែឈើ ស្រស់ ១កន្ត្រក, សាដក ១ និងបច្ច័យចំនួន ១០ម៉ឺនរៀល ។ ដោយឡែក ព្រះបាឡាត់គណខេត្ត បច្ច័យ ២០ម៉ឺនរៀល និងព្រះវិន័យធរគណខេត្តបច្ច័យ ១៥ម៉ឺនរៀល ។ ឧបត្ថម្ភ ទីប្រឹក្សា- យុវជនកាកបាទក្រហមកម្ពុជា ១១៥នាក់ ម្នាក់ៗ ថវិកា ២ម៉ឺនរៀល​ និង អ្នកស្ម័គ្រចិត្ត ភូមិ ចំនួន ២១នាក់ ក្នុងម្នាក់ៗ ថវិកា ៥​ម៉ឺនរៀលផងដែរ​ ៕