ខេត្តបាត់ដំបង ÷ មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង បន្ទាប់ពីក្រុមគ្រួសារ សាច់ញាតិ ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់នៅក្នុងផ្ទះល្វែង របស់បុរីមួយកន្លែង រហូតហើម ស្អុយទៅហើយ ព្រមទាំងបានបន្សល់លិខិតផ្តាំផ្ញើថែមទៀតផង។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបរិវេញបុរីរតន: ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់ពីមានការចុះពិនិត្យពីកម្លាំងជំនាញ និងដោយមានការចូលរួមពិនិត្យរបស់លោកព្រះរាជអាជ្ញារងផងនោះ ទើបដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅក្នុងពេលនោះដែរ សមត្ថកិច្ចបានរកឃើញ កូនលិខិតបណ្តាំផ្ញើ ២សន្លឹក ព្រមទាំងបានរកឃើញថា ជនរងគ្រោះអាចធ្វើអត្តឃាតដោយផឹកថ្នាំ ដោយសារការតូចចិត្ត តូចថ្លើម ពីរឿងអ្វីមួយ ហើយការធ្វើអត្តឃាតនេះមិនដឹងថាពីថ្ងៃណាមកទេព្រោះសពមានសភាពហើយស្អុយទៅហើយ។
ក្រោយការបញ្ចប់ សពត្រូវបានប្រគល់ទៅអោយលោក អ៊ូច លី ដែលត្រូវជាបងថ្លៃ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ : ព្រាប.ស