មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បញ្ជាមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ រុករក និងធ្វើការបង្ក្រាបទីតាំងស្តុកឈើល្មើសច្បាប់ជាច្រើនកន្លែង រឹបអូសបានឈើជ្រុងជាង ៧០កំណាត់

0

ខេត្តព្រះវិហារ៖ ឈើជ្រុងជាប្រភេទឈើឈ្លីក មានចំនួនជាង ៧០កំណាត់ ស្មើនឹងជាង ១១ម៉ែត្រគូបត្រីគុណ ដែលក្រុមឈ្មួញបានកាប់ និងដឹកជញ្ជូនយកមកលាក់ទុកក្នុងព្រៃ ដើម្បីត្រៀមដឹកជញ្ជូនយកទៅធ្វើជំនួញនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកជ័យសែន បើកប្រតិបត្តិការចុះស្រាវជ្រាវ រុករកឃើញ និងបានសហការរួមគ្នាបង្ក្រាប ដោយមានការចូលរួមពី មន្ត្រីព្រៃឈើ មន្ត្រីបរិស្ថាន កម្លាំងនគរបាលស្រុក រួមទាំងអាជ្ញាធរនៅថ្នាក់មូលដ្ឋាន នោះផងដែរ។ រីឯការបង្ក្រាបនោះ បានធ្វើឡើងនៅថ្ងៃទី១៩មិថុនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ឲ្យដឹង នៅថ្ងៃ២០មិថុនានេះថា ដោយមានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ  នោះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន បានសហការរួមគ្នា ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានចុះស្រាវជ្រាវ រុករកឃើញទីតាំងឈើសន្និធិ ដែលជនល្មើសបានលួចដឹកយកមកលាក់ទុកក្នុងព្រៃ ទំនងរង់ចាំឱកាសល្អនឹងធ្វើការដឹកជញ្ជូនចេញយកទៅលក់ នៅខាងក្រៅរង្វង់ដែនដីខេត្តព្រះវិហារ។

មន្ត្រីដដែលបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការរួមគ្នា រវាងកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាននៅក្នុងពេលនោះ ក្រុមការងារបានធ្វើការបង្ក្រាប និងដកហូតបានឈើអារប្រភេទលេខ១ (ឈើឈ្លីក) មានចំនួន ៧២កំណាត់ ស្មើនឹង ១១.០៣៣ម៉ែត្រត្រីគុណ។ ក្រោយការរឹបអូសឈើជ្រុងទាំងជាង ៧០កំណាត់ នោះមក ឈើទាំងនោះត្រូវបានប្រគល់ទៅឲ្យមន្ត្រីជំនាញព្រៃឈើ នាំយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន៕ ដោយ៖ឡុង សំបូរ