ព្រឹត្តិការណ៍ហាត់ Yoga ជួយដល់សុខភាព ក៏ការធ្វើយោគះក៏ជួយលើកស្ទួយសន្តិភាព

អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh បានលើកឡើងថា ការធ្វើយោគៈ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ មានដើមកំណើតនៅប្រទេសឥណ្ឌា ដោយពាក្យថា “យោគ” នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួមឬរួបរួម។ សំខាន់ជាងនេះ យោគៈ គឺលើកស្ទួយនូវសន្តិភាព ក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva | Kutumbakam ដែលមានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។
ឯកឧត្តម Rajkkunmar Ranjan Singh បានលើកបែបនេះ នៅក្នុងពិធីអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី៨ នៅបរិវេណព្រះលានជល់ដំរី នៃប្រាសាទអង្គរធំ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមបន្តថា យោគះ និង Ayurveda ដែលជាប្រព័ន្ធវេជ្ជសាស្ត្ររបស់ឥណ្ឌាកំពុងមានការពេញនិមយ និងមានប្រសិទ្ធិខ្ពស់ បន្ទាប់ពីមានការប្រើប្រាស់ជាច្រើនសតវត្សមកហើយ យោគៈ និងអាយុវេដ្ត គឺជាវិទ្យាសាស្ត្រដ៏ពិសិដ្ឋបំផុតសម្រាប់ជីវិតប្រចាំថ្ងៃ ។ ទាំង Yoga និង Ayurveda គឺជាសិល្បៈ វិទ្យាសាស្ត្រ និងទស្សនវិជ្ជាដែលមានទំនាក់ទំនងផ្នែកសំខាន់ៗទាំងបួននៃសុខភាព គឺផ្នែករាងកាយ ផ្លូវចិត្ត សង្គម និងវិញ្ញាណ ។ ឯកឧត្តម អនុរដ្ឋមន្ត្រីឥណ្ឌា បន្តថា នៅសម័យប្រជុំលើកទី៦៩ នៃមហាសន្និ បាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី Narendra Modi បានជម្រុញសហគមន៍ពិភពលោកឲ្យប្រកាន់យកនូវទិវាយោគះអន្តរជាតិ ។ បន្ទាប់មក នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៤ មហាសន្និបាតអង្គការ សហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចជាឯកច្ឆ័ន្ទ ដោយប្រកាសយកថ្ងៃទី២១ ខែមិថុនា ជាទិវាយោគះអន្តរជាតិ ។ ចាប់ពីពេលនោះមក រហូតមកដល់ពេលនេះ យោគះនេះ ត្រូវមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ និង គាំទ្រលើការហាត់យោគះ តាមបែបប្រពៃណីឥណ្ឌាបុរាណនេះ ហើយដែលឥឡូវនេះវាបានជាកម្មសិទ្ធិសម្រាប់ មនុស្សជាតិ គ្រប់រូប ។ ការហាត់យោគះនេះត្រូវបានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ទទួលស្គាល់ពីអត្ថប្រយោជន៍របស់វាហើយបានយកទៅអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន ។ នៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សភាគច្រើនមានជម្ងឺសស្ត្រេសតានតឹងក្នុងផ្លូវចិត្ត ការហាត់យោគះ គឺជាមធ្យោបាយមួយ សម្រាប់កាត់នូវភាពតានតឹង បានស្ងប់ផ្លូវចិត្ត និងធ្វើឲ្យជីវិតយើង កាន់តែប្រសើរឡើង ។ ឯកឧត្តមក៏បានបញ្ជាក់ ពីទំនាក់ទំនងរវាងឥណ្ឌា-កម្ពុជា គឺមានការរីកចម្រើន ក្នុងឋានៈជាដៃគូពិសេសផ្អែកលើមូលដ្ឋាន ដ៏រឹងមាំនៃវប្បធម៌និងប្រវត្តិសាស្ត្រ ទំនាក់ទំនងដ៏ស៊ីជម្រៅទាំងនេះ បានបង្កើតមូលដ្ឋានគ្រឹះដែលមិនអាចរង្គោះរង្គើបានឡើយ សម្រាប់ភាពជាដៃគូទំនើបរវាងឥណ្ឌា-កម្ពុជា ដែលបន្តរីកដុះដាលជារៀងដរាប ហើយប្រទេសទាំងពីរ ប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំនេះ។ បន្ទាប់ពីមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្ន តាំងពីថ្នាក់កំពូលដល់ថ្នាក់ក្រោម និងទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់ជាច្រើនសតវត្សមក ។ ទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេលើពិភពលោក បានពង្រឹងជាមួយគ្នាអស់រយៈកាលដ៏យូរលង់មកហើយ។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ទោះបីជាប្រទេសទាំងពីរប្រឈមមុខនឹងបញ្ហាថ្មីៗនៃជម្ងឺCovid-19 ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង មិនថមថយបន្តិចឡើយ ប៉ុន្តែកាន់តែរឹងមាំងជាងមុនទៅទៀត ។ ឯកឧត្តមបន្តថា សព្វថ្ងៃនេះ ទាំងឥណ្ឌា និងកម្ពុជាកំពុងសម្លឹងមើលការពង្រឹង និងស្តារសេដ្ឋកិច្ច របស់យើងឡើងវិញ ក្នុងសម័យក្រោយជម្ងឺCovid-19 វាមានវិសាលភាព ដ៏ធំធេង ក្នុងការធ្វើកិច្ចសហប្រតិបត្តិរបស់យើងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ចាប់ពីវិស័យ ពាណិជ្ជកម្ម និងការវិនិយោគ រហូតដល់វិស័យការពារជាតិ និង សន្តិសុខ ។ ការរំពឹងក្នុង ពេលខាងមុខ ប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកប្រពៃណី វប្បធម៌ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ជើងហោះហើរទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជនរនឹងប្រជាជន ។ ទន្ទឹមគ្នានេះ តាមរយៈព្រឹត្តិការណ៍យោគះនេះ កម្ពុជាបានចូលរួមអបអរ ជាមួយ បណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកប ដោយភាពកក់ក្តៅ”នឹងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត។ ឯកឧត្តមបន្តថា វិស័យទេសចរណ៍កម្ពុជា ទទួលរងនូវផលប៉ះពាល់ជាអតិបរិមា ដោយសារតែការ រីករាយដាលនៃជម្ងឺ Covid19 ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ក្រោយពីការបើកប្រទេសឡើងវិញ កម្ពុជាទទួលបានទេសចរអន្តរជាតិ មានការកើនឡើងហួសពីការរំពឹងទុក ប្រៀបធៀបរយៈពេល២ឆ្នាំ មុនបើកប្រទេសឡើងវិញ ។ ក្រសួងទេសចរណ៍ ក្រោមបានដាក់ចេញនូវសេចក្តីណែនាំ និងវិធានការជាច្រើន ហើយថ្មីៗនេះ បានផ្សព្វផ្សាយជម្រុញឲ្យអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាទេសចរណ៍នានា ជាបន្តបន្ទាប់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លង បង្កើនទំនុកចិត្តដល់ទេសចរ និងធានាថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ។[Forwarded from Mey Sokharith]
សូមបញ្ជាក់ថា ការអញ្ជើញចូលរួមក្នុងការហាត់ Yogaនេះ មានេកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងក្រសួងអប់រំយុវជននិងកីឡា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស និសិត្យមកពីសាកលវិទ្យាល័យក្នុងខេត្ត ប្រមាណ ៥០០នាក់ចូលរួម ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប