មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការ រៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៣-២០២៥ និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

កំពង់ឆ្នាំងៈកាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្តុខេត្ត កំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការ រៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៣-២០២៥ និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញ
វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ជាតិ ដែលប្រព្រឹត្តទៅក្រោម អធិបតីភាព លោកអ៊ូ ជួបកុសល ប្រ ធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពី លោក
កាណុល ចត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំងប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន អនុប្រធាន មន្ទីរ និងអង្គភាពថវិកាមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំ លោក អ៊ូ ជួបកុសល បានមានប្រសាសន៍លើកឡើងថាៈគ្រប់អង្គភាពត្រូវគិតគូរអោយបានច្បាស់
លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់មន្ទីរអង្គភាពអោយបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងក្នុងការដំណើរការអនុវត្តការងារថវិកា ស្របទៅនិងតម្រូវ
ការសមិទ្ធកម្មរបស់ខ្លួនកត្តាសំខាន់គឺការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៏ត្រូវរំលេចនូវសកម្មភាពនិងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាបនអំពីភាពជាក់ស្ដែងនៃការអនុវត្តផែនការយុទ្ធសាស្រ្ត ថវិកា
ឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាព
នៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាបច្ចុប្បន្នធៀបទៅនិងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយក្នុងឆ្នាំ២០២៣ និង ឆ្នាំខាងមុខទៀត។

លោក អ៊ូ ជួបកុសល បានប្រសាសន៍បន្តថាៈការរៀបចំផែនការយុទ្ធសាស្រ្តថវិកានេះ ក៏ត្រូវរំលេចផងដែរអំពីវិធានគោល
នយោបាយសំខាន់ៗ ដែលក្រសួងស្ថាបន បានដាក់ចេញ ស្របតាមទិសដៅ នៃ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមទាំងគោលនយោបាយតាមវិស័យ និងអន្តរវិស័យ។ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តថវិកា មន្ទីរអង្គភាពជុំវិញខេត្ត ក៏ត្រូវគិតគូរ និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារចំណូល-ចំណាយថវិកាឆ្នាំ២០២៣នេះ អោយបានល្អប្រសើរ។

ជាក់ស្តែង នៅក្នុងបំណាច់ឆ្នាំអនុវត្ត
ថវិកាឆ្នាំ២០២១ មន្ទីរបានសង្កេតឃើញនៅមានការខ្វះចន្លោះក្នុងការអនុវត្តចំណូល-ចំណាយថវិកាដែលតម្រូវអោយមន្ទីរអង្គភាពជុំវិញខេត្តយកចិត្តទុកដាក់អោយបានខ្ពស់ ព្រោះថា ថវិកា គឺជាការកំណែទម្រង់ហិរញ្ញវត្ថុស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលធានានូវការអនុវត្តចំណូល-ចំណាយថវិកាកាន់តែប្រសើរឡើង ប្រកបដោយភាពត្រឹមត្រូវតម្លាភាព និងអាចជឿទុកចិត្តបាន។

លោក អ៊ូ ជួបកុសល ក៏បានផ្តាំផ្ញើរអោយមន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ក្នុងការស្ដាប់ នូវការបង្ហាញរបស់ប្រតិភូ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សូមលើកទឹកចិត្តអោយមានការចូលរួមក្នុងការសួរ នូវ ចំណុចដែលពុំទាន់យល់ច្បាស់ដើម្បីជា មូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នេះ អោយបាន ត្រឹមត្រូវ និងទាន់ពេលវេលា៕សុខ គឹមសៀន