អភិបាលខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២២

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២២ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងខេត្ត លោក ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុង/ស្រុក និងជាប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជា ក្រុង/ស្រុកទាំង៨ លោកអធិការនគរបាលនគរបាលក្រុង/ស្រុកទាំង៨ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង/ស្រុក និងលោក លោកស្រី អតីតយុទ្ធជនជាកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ក្រុង/ស្រុកទាំង៨ សរុបចំនួន៤៤០នាក់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ តម្រូវការ និងសេចក្ដីត្រូវការរបស់បងប្អូនអតីតយុទ្ធជន ដែលឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ ក្នុងការកែសម្រួលបន្ថែមរបបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន លើផលប្រយោជន៍សម្រាប់ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការធ្វើឲ្យកាន់តែមានប្រសិទ្ធភាព នៃនីតិវិធីនៃការបើកផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឲ្យបានឆាប់រហ័ស និងមានតម្លាភាព ។ ទន្ទឹមនេះ ក៏មានការគិតគូរពីការរៀបចំឲ្យមានលំនៅឋានសមរម្យសម្រាប់គាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច។
ឯកឧត្តមបន្តថា បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តស្វាយរៀងរបស់យើង ក៏ទទួលបាននូវផលប្រយោជន៍ពីគោលនយោបាយនេះផងដែរ ដែលរហូតមកដល់ពេលនេះ រដ្ឋបាលខេត្តបានចាត់ចែងរៀបចំដី និងផ្ទះជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៤០០ខ្នងផ្ទះហើយ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ។ នេះគឺជាសក្ខីភាព សរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់យ៉ាងពិតប្រាកដរបស់រាជរដ្ឋាភិបាល ដែលមិនមែនត្រឹមតែសរសេរនៅលើក្រដាស ឬនិយាយតែមាត់ តែជាការអនុវត្ត និងផ្ដល់ផលជាក់ស្ដែង ដើម្បីជាការតបស្នងចំពោះគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសការពារខ្លួនពីជំងឺកូវីដ-១៩ ដោយរក្សានូវវិធានការ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។
សូមបន្តចូលរួមថែរក្សា ការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាករបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប និងសូមចូលរួមឲ្យបានគ្រប់សកម្មភាពនៅឯមូលដ្ឋាន ពិសេសគឺចលនា ភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងជួយអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗដូចជាផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម។
ឯកឧត្តមបន្ថែមថា ចំពោះគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ដែលក្នុងនាមជាប្រធានកិត្តិយសសមាគម ខ្ញុំគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្ដល់ និងការពារផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជនយើងទាំងអស់នៅក្នុងខេត្ត។ ទន្ទឹមនេះ សូមបន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ បន្ថែមទៀត ជាពិសេសដូសទី៥ និងអ្នកដែលមិនទាន់បានចាក់កន្លងមកសូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕គឹមសេង