លោក គួច ចំរើន គាំទ្រគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្ររបស់ក្រុមហ៊ុន(ឡឹសូឡីមីឡាន)

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ ក្រោយបាន ស្តាប់បទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT នាព្រឹក ថ្ងៃតី ២២ ខែ មិថុនា ឆ្នាំ ២០២២  លោក បានបញ្ជាក់ថា លោក គាំទ្រ ពីព្រោះថា កីឡាទេសចរណ៍លើ ទឹកនេះជាផលិតផល ទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើត ការ ងារដល់ប្រជាពលរដ្ឋ ព្រមទាំងទាក់ ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុ កាន់តែច្រើន។

តំណាងក្រុមហ៊ុនហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTER NATIONNAL TRAVEL Co.,LDT បានធ្វើបទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍ លើសមុទ្រដែលមានទីតាំងស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺនៅទល់មុខនឹង អគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពី ឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។ សួនកម្សាន្ត កីឡាទេសចរណ៍នៅលើសមុទ្រ គឺក្រុមហ៊ុននឹងរៀបចំរួមមាន ប្រាសាទទឹក, បាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោងរត់បង្វិលលើទឹក, ទូកពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្តែតកម្សាន្តលើទឹក, ស្ពានដើរបណ្តែតទឹក, ទោង ជិះកម្សាន្ត, និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។ ជាមួយគ្នានេះ ដោយពិនិត្យ ឃើញពីសក្តានុពល និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ទើបក្រុមហ៊ុនសម្រេចស្នើសុំវិនិយោគ កន្លែង កម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ ជាមួយនឹងទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លាអាមេរិក។

ក្រោយបាន ស្តាប់ បទបង្ហាញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន មាន ប្រសាសន៏ថា លោក  គាំទ្រគម្រោងរៀបចំសួនកម្សាន្តកីឡា ទេសចរណ៍លើសមុទ្ររបស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេ សិនណលត្រាវែល ដោយសារទីតាំងដែលស្នើសុំគឺស្ថិតនៅទល់មុខ អាគារសណ្ឋាគាររបស់ក្រុមហ៊ុនផ្ទាល់ ហើយ កីឡាទេសចរណ៍លើទឹកនេះជាផលិតផល ទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុនិងបង្កើតការងារដល់ប្រជាពល រដ្ឋ ព្រមទាំងទាក់ ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុកាន់តែច្រើន។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវសិក្សាពីតម្លៃសេដ្ឋកិច្ច សង្គម និងចំនួនភ្ញៀវមកកំសាន្ត ក៏ដូចជាសិក្សាអំពីលក្ខណៈបច្ចេកទេស អាកាសធាតុ ការការពារសុវត្ថិភាពភ្ញៀវនិងផល ប៉ះពាល់បរិស្ថានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបន្ត៕(ដោយនាគសមុទ្រ)