អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវ បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព

ត្បូងឃ្មុំ : ក្នុងឳកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹក ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវអតីតយុទ្ធជនទាំងអស់ ត្រូវ បន្តចូលរួមថែរក្សា ការពារតម្លៃសន្តិភាព ដែលបងប្អូនតស៊ូរួមអាវុធជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលខិតខំយកមកបានដោយលំបាក ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនសមាជិកអតីតយុទ្ធជន និងសាច់ញាតិទាំងអស់ គឺសម្ដេចទាំងទ្វេ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះទេ ហើយសម្តេចតេជោនឹកឃើញជានិច្ច ចំពោះអតីតកាលដែលធ្លាប់ប្រកៀកស្មារួមអាវុធជាមួយគ្នា ជាពិសេសម្តេចក៏ជាជនពិការដោយសារសង្គ្រាមម្នាក់ផងដែរ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៏លើកឡើងថា ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ជាស្ថាបនិកសន្តិភាព ហើយអ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ប្រជាពលរដ្ឋរបស់យើងទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុនេះហេីយទើបយើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ-ឈ្នះ។

ជាមួយគ្នា នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យបានល្អប្រសើរជាបន្តបន្ទាប់។ ទន្ទឹមនេះ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង ផងដែរ ៕