កិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសផលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅ សាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសផលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា បានចូលរួមជាច្រើននាក់ផងដែរ ។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទ ដោយការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផល់នៅក្នុងដែននេសាទបឹងទន្លេសាប និងក្នុងគោលបំណងគ្រប់គ្រង ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារនៃច្បាប់ស្តីពីជលផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកបន្តថា ក្រុមការងារចម្រុះ ជាក់ស្តែងកន្លងមក ខណ្ឌរដ្ឋបាលជលផលបានសហការជាមួយក្រុមការងារពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផល ក្រុង ស្រុក ដោយបានបង្ក្រាបបទល្មើសជលផលចំនួន ២៥ករណីក្នុងនោះ មាន២៤ករណីបំផ្លាញចោលនៅនឹងទីកន្លែង និង០១ករណី បាន បញ្ចូនមកសាលាដំបូងខេត្ត គឺករណីការកាប់គាស់រានឈូសឆាយដីព្រៃលិចទឹកផងដែរ។
ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៏ថា ដើម្បីបង្កើនកិច្ចសហការជាមួយគណៈកម្មការទប់ស្កាត់ នឹងបង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ គណៈបញ្ជាការ ឯកភាពក្រុង-ស្រុក និងស្ថាប័នអយ្យការសាលាដំបូងខេត្ត ត្រូវតែបន្តយកចិត្តនឹងផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ នឹងការគ្រប់គ្រងវិស័យជលផលដល់ប្រជានេសាទនិងអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ សូមក្រុមការងារយើង ត្រូវតាមដានស្រាវជ្រាវទប់ស្កាត់ នឹងបង្ក្រាបបទល្មើសជលផលឲ្យទាន់ពេលវេលាបន្តទៀត ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ដោយយើងផ្អែកលើសកម្មភាពរួមខាងលើ ក្រោមការដឹកនាំរបស់គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប និង ក្រុមការងារពិនិត្យ ស្រាវជ្រាវបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប និងកិច្ចសហការ ចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ពិតជាអាចសម្រេចបាននូវការទប់ស្កាត់បទល្មើសជលផលតាមរយ:មូលដ្ឋាននេសាទក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាទីបំផុត៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប