រដ្ឋបាលឃុំសាលាវិស័យ រៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំលើកទី៦០ អាណត្តិ៤ ឆ្នាំ២០២២

(កំពង់ធំ)÷ លោក ជិន ហ៊ីន មេឃុំសាលាវិស័យ បាន អញ្ជើញចូលរួមដឹកនាំ រៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំលើកទី៦០ អាណត្តិទី៤ ឆ្នាំ២០២២ លើកយកលើបញ្ហាប្រឈមផ្សេងៗដែលជួបប្រទះ កន្លងមកនៅក្នុងឃុំដើម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីក្រុមប្រឹក្សាស្រុក លោកស្រីក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលនគរបាល ថ្នាក់ដឹកនាំភូមិទាំង១៩ នាយកសាលា តំណាងអង្គការសមាគមនានា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅសាលាឃុំសាលាវិស័យ។

ជាមួយគ្នានេះផងដែរលោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានបង្ហាញរបៀបវារៈនៃកិច្ចប្រជុំមួយចំនួនមានដូចខាងក្រោម÷១.ការអានរបាយការណ៍សកម្មភាពប្រចាំខែ។ ២.របាយការណ៍លទ្ធផលការបោះឆ្នោត។ ៣.របាយការណ៍ការអនុវត្តរយៈពេល៥ឆ្នាំ ក្នុងអាណត្តិទី៤។ ៤.ការអនុម័តសេចក្តី សម្រេចជ្រើសរើសមេភូមិ.អនុភូមិ.សមាជិក ភូមិ។ ៥.គោលនយោបាយភូមិឃុំមានសុវត្តិភាព និងបញ្ហាផ្សេងៗ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងការប្រជុំរបស់ក្រុមប្រឹក្សាឃុំមានប្រសិទ្ធភាព គឺអ្នកចូលរួមទាំងអស់ត្រូវអនុវត្តតាមផែនការដែលបានគ្រោងទុក។ បន្ទាប់មកទៀតលោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានផ្សព្វផ្សាយពីបញ្ហាប្រឈមរកដំណោះស្រាយ ឆ្លុះបញ្ចាំងបូកសរុបលទ្ធផលនូវរបាយការណ៍អនុវត្ត៥ ឆ្នាំកន្លងមក ដើម្បីឲ្យឃុំសាលាវិស័យមានភាពរីកចម្រើនជឿនលឿន ប្រកបដោយគុណភាពខ្ពស់។

សំណូមពរចុងក្រោយរបស់លោកមេឃុំគឺ សូមចូលរួមទាំងអស់គ្នា និងផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវការជឿជាក់របស់ថ្នាក់ដឹកនាំ។ អនុវត្តឱ្យបានល្អ ចូលរួមទប់ស្កាត់ចំពោះបទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងសហគមន៍ ព្រមទាំងរៀបចំផែនការបន្តទៀត ដើម្បីអភិវឌ្ឍភូមិឃុំមានការរីកចម្រើន ឱ្យមានសុខសន្តិភាព សុវត្ថិភាពស្ថេរភាព ជូនបងប្អូនប្រជាពលរដ្ឋនៅគ្រប់តំបន់ ក្នុងឃុំសាលាស័យទាំងមូល។