អភិបាលខេត្តកំពង់ចាម សម្រេចដាក់ចេញនូវវិធានការបង្រ្កាបរាល់អាជីវកម្មបូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបរាល់អាជីវកម្មបូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត។

ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តម អភិបាលខេត្ត បានលេីកឡេីងថា កន្លងមក ធ្លាប់មានព័ត៌មានទាក់ទងនឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើអោយរដ្ឋាភិបាលមានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។

ទាក់ទងទៅនឹងហេតុផលខាងលើ ឯកឧត្តម អភិបាលខេត្ត បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមសាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែ និងថាមពលបានកំណត់ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ឲ្យអស់នូវភាពអាណាធិបតេយ្យ ។

លោក លី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាម មានក្រុមហ៊ុន សហគ្រាសចំនួន ២២ អាជ្ញាប័ណ្ណ។ ដោយកន្លងទៅបញ្ហាប្រឈម ពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាសបានបោះពងសម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ដោយសារអ្នកនេសាទកាត់ចោលជាញឹកញាប់ ។ ម្យ៉ាងទៀត មន្ត្រីខ្វះមធ្យោបាយសម្រាប់ចុះបង្ក្រាប នៅពេលកើតមានបទល្មើស ផងដែរ ៕