អាជ្ញាធរខេត្តព្រះវិហារ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាលើយន្តការ ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសុវត្ថិភាព មានភាពស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់

0

ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី តំណាងឲ្យអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងបែបនេះ គឺនៅក្នុងអង្គសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំឡើងក្រោមកិច្ចសហការរវាង គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះវិហារ ដែលមាន លោក ជោ ម៉ាប់ ជាប្រធាន «គខប» និងរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ។

អង្គសន្និបាតនេះ នឹងធ្វើការពិភាក្សារួមគ្នាចំនួន ៧ចំណុចសំខាន់ៗ ដើម្បីស្វែងយល់ពី ចំណុចខ្លាំង និងចំណុចខ្សោយ នៅក្នុងការអនុវត្តការងារបោះឆ្នោត នាពេលកន្លងមក រួមមាន៖ ១.ស្ថានភាពមន្ដ្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ,២.ការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ,គណបក្សនយោបាយ ,អង្គការមិនមែនរដ្ឋាភិបាល ,ការងារសន្ដិសុខសម្រាប់ការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ,៣.ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ,៤.ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ,៥.ការឃោសនាបោះឆ្នោត ,៦.ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបញ្ជូនលទ្ធផលបឋម ការបូកសរុប និងការត្រួតពិនិត្យ និង ៧.ការទទួល និងការដោះស្រាយពាក្យបណ្ដឹង។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះវិហារ លោក ជោ ម៉ាប់ បានថ្លែងថា អង្គសន្និបាតដែលបានធ្វើឡើងនៅពេលនេះ ក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារបោះឆ្នោត វាយតម្លៃ និងស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយ នៃការអនុវត្តការងារបោះឆ្នោតនាពេលកន្លងមក និងក៏ដើម្បីប្រមូលធាតុចូល យកទៅធ្វើការកែលំអរក្នុងការបោះឆ្នោតនាពេលក្រោយៗទៀត។

លោក ជោ ម៉ាប់ បានថ្លែងទៀតថា គ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកថ្មីៗនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ គ្មានការរារាំង ការគំរាមកំហែង និងការបំភិតបំភ័យនោះឡើយ។ ហើយកត្តាជោគជ័យនេះ គឺដោយសារមានកិច្ចសហការល្អ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធនៅក្នុងខេត្ត ផងដែរ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះវិហារ លោក ជោ ម៉ាប់ បានបញ្ជាក់ថា ខេត្តព្រះវិហារ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ មានចំនួនសរុប ១៤ម៉ឺន ៣ពាន់ ៤៩៤នាក់ និងមានប្រជាពលរដ្ឋចំនួន ១១ម៉ឺន ៨ពាន់ ៤៤៣នាក់ ស្មើនឹង ៨២.៥៤ភាគរយ ដែលបានអញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួន ប្រកបដោយទំនុកចិត្ត។

លោក ជោ ម៉ាប់ បានបញ្ជាក់ទៀតថា ទន្ទឹមជាមួយលទ្ធផលគួរជាទីមោទន:នេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលចាំបាច់ត្រូវតែធ្វើការកែលំអរ ហើយលោក សង្ឃឹមយ៉ាងមុតមាំថា អង្គសន្និបាតនាពេលនេះ នឹងលើកឡើងជាអនុសាសន៍ ក្នុងន័យស្ថាបនាលើការងារបោះឆ្នោត ដែលជាធាតុចូលដ៏សំខាន់ ដើម្បីទុកជាត្រីវិស័យក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានថ្លែង ដោយសម្តែងនូវការកោតសរសើរ ចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នេះ ទទួលបានលទ្ធផលល្អប្រសើរ។

លោក ស៊ូ សិរី បានថ្លែងថា នៅពេលខាងមុខនេះ ប្រទេសយើងនឹងរៀបចំការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ហើយខេត្តព្រះវិហារ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានា លើដំណើរការ នៃយន្តការទាំងនេះ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព និងលោកបានអំពាវនាវ ដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តចូលរួមនៅក្នុងកិច្ចដំណើរការ នៃការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះ ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា ខេត្តព្រះវិហារ មានគណបក្សនយោបាយចំនួន ៨ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គឺ ១-គណបក្សប្រជាជនកម្ពុជា ,២-គណបក្សភ្លើងទៀន,៣-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ,៤-គណបក្សរួបរួមជាតិ ៥-គណបក្សហ្វ៊ិនស៊ិនប៉ិច ,៦-គណបក្សសញ្ជាតិកម្ពុជា ,៧-គណបក្សយុវជនកម្ពុជា និង ៨-គណបក្សកែទម្រង់កម្ពុជា។

យោងរបាយការណ៍របស់ លេខាធិការដ្ឋាន គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះវិហារ បានបង្ហាញពីលទ្ធផលបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ គឺ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ៨ម៉ឺន ៤ពាន់ ៧៩១សម្លេង ស្នើនឹង ២៦០អាសនៈ។ ចំណែក គណបក្សភ្លើងទៀន ទទួលបាន ២ម៉ឺន ៥ពាន់ ១៣០សម្លេង ស្នើនឹង ៧០អាសនៈ ៕ដោយ៖ឡុង សំបូរ