ក្រុមទុច្ចរិតក្រុមមកលួចកាប់បំផ្លាញកូនឈើ ក្រញូង ធ្នង់ បេង អស់ជាង២០០ដើម, អភិបាលខេត្តកំពង់ធំការកាប់បំផ្លាញព្រៃឈើសម្បត្តិសាធារណៈរបស់រដ្ឋ គឺមានទោសធ្ងន់ណាស់ និងមិនអោយរួចខ្លួនទេ

កំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាប លោកឡង់ គីសឹង អភិបាលស្រុកសន្ទុក បានដឹកនាំកម្លាំងចម្រុះដើម្បីបង្ក្រាបជនទុច្ចរិត១ក្រុម កំពុងធ្វើសកម្មភាពកាប់បំផ្លាញកូនឈើ ដើម្បីយកដីចំនួន២៣ហិតា នៅចំណុច ឡូត៍អចិន្ត្រៃយ៍ វិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ កម្ពុជា ជប៉ុន។

លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាបបានអោយដឹងថា ក្រុមទុច្ចរិតទាំងអស់នេះបានធ្វើសកម្មភាពលួចលាក់បន្តិចម្តង ចន្លោះថ្ងៃទី០៤ ដល់០៥ ខែមិថុនា ពេលសមត្ថកិច្ចជំនាញមកដល់បានរត់គេចតែម្តង រហូតដល់ថ្ងៃទី២៥ ដល់២៦ ខែមិថុនា ក្រុមទុច្ចរិតបានធ្វើសកម្មភាពខ្លាំង រហូតខាងជំនាញយើងចូលទៅឃាត់ ក្រុមទុច្ចរិតទាំងអស់នោះបានគម្រាមសមត្ថកិច្ច ដោយពួកគាត់មានកាបិត កាំភ្លើងខ្យល់ជាដើម ហើយ១ក្រុមនោះមានគ្នីគ្នាប្រហែលជា២០នាក់ឯណោះ ។

លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាបបានបន្តថា ជាក់ស្តែងព្រឹកនេះបានដឹកនាំកម្លាំងចុះមកបង្ក្រាប និងបានបំផ្លាញទីតាំងក្រុមទុច្ចរិត មានដូចជារោងតូចជាច្រើន និងសំភារៈ១ចំនួនផងដែរ។ ហើយក្រុមទុច្ចតរិតទាំងអស់នោះបានបំផ្លាញកូនឈើ ដូចជា៖ កូនឈើធ្នង់ កូនឈើបេង កូនឈើក្រញូង ជាង២០០ដើម ។

លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានប្រាប់អោយដឹង បញ្ហាខាងលើនេះមន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនជនល្មើសបានម្នាក់ និងកំពុងរៀបចំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងធ្វើការសាកសួរព័ត៌មានបន្ថែមទៀត ដើម្បីប្រមាញ់រកជនល្មើសផ្សេងៗទៀត ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប បញ្ឈប់ការកាប់និទ្ទ្រាន្ទព្រៃឈើទៀតអី យើងត្រូវរួមគ្នាថែរក្សារបរិស្ថានទាំងអស់ និងរក្សាកូនឈើចម្រុះក៏ដូចជាជីវចម្រុះដែលមានស្រាប់។ ហើយក្រុមទុច្ចរិតទាំងអស់ខាងលើ សមត្ថកិច្ចយើងបានស្រាវជ្រាវចាប់យកផ្តន្ទាទោសតាមនិតិធីច្បាប់ធរមាន

ទន្ទឹមនោះដែរ លោកងួន រតនៈ អភិបាលខេត្តកំពង់ធំបានអោយដឹងថា ការកាប់បំផ្លាញព្រៃឈើសម្បត្តិសាធារណៈរបស់រដ្ឋ គឺមានទោសធ្ងន់ណាស់ និងមិនអោយរួចខ្លួនទេ ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា មានបុគ្គលឈ្មោះ សោម សុវណ្ណរិទ្ធ ជាមេខ្លោងបានយកឈ្មោះថ្នាក់ដឹកនាំកំពូល នឹងអួតមានតួនាទីជាជំនួយការថ្នាក់ដឹកនាំកំពូលផងដែរ ។
ក្នុងប្រតិបត្តិការណ៍បង្ក្រាបនោះ សមត្ថកិច្ចជំនាញធ្វើការបំផ្លាញទីតាំងជាក់ស្តែង និងកាំបិត កាំភ្លើងខ្យល់ និងឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះអែម ជ្រុយ ៕