ដំណាំទុរេនរបស់ប្រជាកសិករ ស្រុកសណ្ដាន់ ឆ្នាំនេះទទួលទិន្នផលខ្ពស់ប៉ុន្តែតម្លៃទីផ្សារទាបជាងឆ្នាំមុន និងរកចំណូលសល់បានចាប់ពី២លានរៀលទៅ ៣លានរៀល ក្នុង១រដូវ

កំពង់ធំ៖ តាមការលើកឡើងរបស់ស្ត្រីឈ្មោះ សៅ មិច ជាភរិយា លោកប៉ាល់ អាត ជាម្ចាស់ចំការ ទុរេន មានទីតាំងស្ថិតនៅ ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានប្រាប់ថា ៖ ចំការទុរេន របស់គាត់ដាំក្នុងផ្ទៃដីប្រមាណ ០៥ហិកតា សម្រាប់ទិន្នផលឆ្នាំនេះគឺទទួលបានផលច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនគឺកើន រហូតដល់ទៅ៥ដង។ ដោយឡែកសម្រាប់តម្លៃក្នុងទីផ្សារវិញឆ្នាំមុន តម្លៃរាយគាត់លក់បាន១គីឡូក្រាម ២៧០០០រៀល ទៅ៣០០០០រៀល និងតម្លៃបោះឲ្យម៉ូយ បាន២៥០០០រៀល ទៅ២៧០០០រៀល ក្នុង១គីក្រាម។ ប៉ុន្តែក្នុងឆ្នាំនេះដល់ខែទទួលផល ទុរេនពួកគាត់លក់បានត្រឹមតែ១៨០០០រៀល ទៅ២០០០០រៀល ជាតម្លៃលក់រាយ ក្នុង១គីឡូក្រាម និងតម្លៃបោះដុំបាន១៦០០០រៀល ឬ ១៧០០០រៀលតែប៉ុណ្ណោះ។

ស្ត្រី សៅ មិច បន្តឲ្យដឹងទៀតថា ក្រៅពីបោះដុំនិងលក់រាយក្នុងទីផ្សារក្បែរចំការ ទុរេនរបស់ពួកគាត់ក៏មានការកម្ម៉ង់ទិញនៅតាមបណ្ដាខេត្តនានាផងដែរ ក្នុងនោះមានដូចជា ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប រាជធានីភ្នំពេញ និង ជាពិសេសភាគច្រើនគឺក្នុងខេត្តកំពង់ធំតែម្ដង។

ជាមួយគ្នានោះដែរពួកគាត់ សូមសំណូមពរប្រជាពលរដ្ឋ ជាពិសេសអតិថិជន ដែលនិយមទទួលទានផ្លែទុរេនសូម បន្តជួយគាំទ្រ!សមិទ្ធផលកសិកម្មក្នុងស្រុក ជាពិសេសដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ ។ ម្យ៉ាងវិញទៀតដំណាំទុរេន នៅក្នុងស្រុកសណ្ដាន់ នៃខេត្តកំពង់ធំ របស់ពួកគាត់ដាំ គឺផលិតដោយប្រើជីធម្មជាតិសុទ្ធសាធដូចជាលាមកគោ ឬលាមកប្រចៀវ ជាដើម រសជាតិ ផ្អែមឈ្ងុយឆ្ងាញ់ មិនចាញ់ផ្លែទុរេន នៅតាមបណ្ដាខេត្តនានានោះទេ។

ដោយឡែក លោកអ៊ំអាចារ្យ ប្រក់ មួន មានអាយុ ៦០ឆ្នាំ រស់នៅ ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ប្រជាកសិករដែលដាំដំណាំទុរេន នៅក្នុងភូមិសាស្រ្តខាងលើបច្ចុប្បន្នគឺមានទីតាំងច្រើនកន្លែង។ ដោយឡែក សម្រាប់រូបគាត់វិញដោយសារតែមានដីតូច ជាប់ផ្ទះ ហើយគាត់ដាំទុរេនបាន ចំនួន១៧ដើម តែប៉ុណ្ណោះ ប៉ុន្តែក្នុងមួយរដូវ ផាត់ការចំណាយអស់គាត់អាច រកចំណូលសល់បានចាប់ពី ២លានរៀលទៅ ៣លានរៀលដែរ ។ ដូច្នេះប្រជាពលរដ្ឋដែលមានដី ទំនេរអាចចាប់មុខរបរដាំដំណាំទុរេននេះបាន ថ្វីដ្បិតដំណាំធូរេនមានការពិបាកក្នុងការថែទាំប៉ុន្តែអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានដោយពុំចាំបាច់ធ្វើការចំណាកស្រុក។

ម្យ៉ាងវិញទៀតលោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមលើកទឹកចិត្តដល់ការបង្កបង្កើនដំណាំលក្ខណៈធម្មជាតិរបស់កសិករខ្មែរ ដែលប្រកបដោយលក្ខណៈធម្មជាតិ និងទទួលទានដោយសុវត្ថិភាព ចំពោះសុខភាព ប្រសើរជាងការទទួលទានទុរេននាំចូល។