គ្រឿងញៀនជាង ៦តោន ត្រូវបានដុតបំផ្លាញចោល នៅថ្ងៃនេះ នៅរាជធានីភ្នំពេញ!

រាជធានីភ្នំពេញ : គ្រឿងញៀនប្រមាណជាង ៦តោន (៦,០០០ គីឡូក្រាម) ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២២ នេះ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានលើកឡើងថា ការប្រារព្ធពិធីនេះ ត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធាន បទផ្សេងៗ ក្នុងគោលបំណងបន្តដាស់តឿន ក្រើនរំឮកដល់ជនគ្រប់រូបឱ្យយកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានកាន់តែច្បាស់ ថែមទៀតពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាក្នុងគោល បំណងបន្តអំពាវនាវ និងបំផុសឱ្យមានការចូលរួម និងគាំទ្រកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងដោយប្រយោល៕