បុរសពីរនាក់ត្រូវបានក្មេងស្ទាវមួយក្រុមព្រួតវ៉ៃ និងកាប់ជាច្រើនកាំបិតរងរបួសធ្ងន់

សៀមរាប៖ បុរសពីរនាក់ត្រូវបានក្មេងស្ទាវមួយក្រុមមានគ្នាជាច្រើននាក់ បានស្ទាក់វ៉ៃ និងកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោង ២១ និង២០នាទីយប់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តព្រះអង្គទ្រង់ ក្នុងភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

បើតាមកម្លាំងកងរាជអាវុធហត្ថស្រុកពួក ជនរងគ្រោះទាំង២នាក់៖ ទី១.ឈ្មោះ ខុង សារ៉ង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគោកភ្នៅ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានរងរបួសដាច់រយាស់ស្បែកក្បាលផ្នែកខាងឆ្វេង។ ទី២.ឈ្មោះ ប្រុន រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកសំណង់ រស់នៅភូមិត្រពាំងឬស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប រងរបួសរយាស់ ស្មាខាងស្តាំ, សាច់ដុំដៃស្តាំ និងស្លាបប្រជៀង ហើយត្រូវបានកម្លាំងជំនាញបញ្ជូនទៅសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក។

កម្លាំងកងរាជអាវុធហត្ថ ជនរងគ្រោះជិះម៉ូតូ១គ្រឿង គ្នា ២នាក់ ម៉ាកហុងដាឌ្រីម សេរីឆ្នាំ១៩៩៩ ពណ៍ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១I.៤២៣៧ មកដល់ចំនុចកើតហេតុក៏មានក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា ៥ទៅ៦នាក់ ជិះម៉ូតូ ៣គ្រឿងមិនស្គាល់ម៉ាក បានកាប់ទៅលើជនរងគ្រោះចំនួន ២នាក់ ដែលជិះម៉ូតូម្នាក់មួយគ្រឿងក្នុងទិសដៅស្របគ្នា ក្រោយធ្វើសកម្មភាពរួច បក្ខពួកជនសង្ស័យបានជិះម៉ូតូគេចខ្លួនអស់៕