ឯកឧត្តម ជាម ច័ន្ទសោភ័ណ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋងាយរងគ្រោះ ១៤១គ្រួសារ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បាននាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១៤១គ្រួសារ និងប្រគល់ផ្ទះ២ខ្នង ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ដោយត្រូវទៅបោះឆ្នោតសកលខាងមុខនេះឲ្យបានគ្រប់ៗគ្នា គាំទ្រសម្តេចជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។

ជាមួយគ្នា នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។ ព្រមទាំង បានអំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដោយឥតគិតថ្លៃ អោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល និងឈានទៅលុបបំបាត់ជំងឺនេះផងដែរ។

គូសបញ្ជាក់ថា ៖ អំណោយមុស្សធម៍ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស និងថវិកាមួយចំនួន ដែលបានធ្វើឡើងនៅចំនួន៣ទីតាំងផ្សេងគ្នា រួមមាន ៖ នៅបរិវេណវត្តមុនីរង្សជីមាន់ ក្នុងឃុំកក់ ចំនួន១១១គ្រួសារ នៅភូមិកន្សោមសត្វ ក្នុងឃុំកក់ ចំនួន២០គ្រួសារ និងនៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែក មានចំនួន១០គ្រួសារផងដែរ ៕