ប្រធានសាខាពន្ធដាខេត្តប៉ៃលិន ជម្រុញអោយអាជីវករ សហគ្រាស ក្រុមហ៊ុន ត្រូវចូលរួមបង់ពន្ធអោយបានគ្រប់ៗគ្នាជៀសវាងការផាកពិន័យនិងការខាតបង់

(ប៉ៃលិន)៖ព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ សាខាពន្ធដារខេត្តប៉ៃលិន បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កាតព្វកិច្ច ការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(GDT Tax Prefiling App) អាករលើតម្លៃបន្ថែម និងវិធានវិក្កយបត្រ ជូនដល់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធ ។
បន្ទាប់ពីលោក យិត ស៊ីណា អនុប្រធានសវនកម្មនៃសាខាពន្ធដាខេត្ត និងលោក ម៉ី សីលា ប្រធានការិយាល័យចាត់ចែងប្រកាស នៃសាខាពន្ធដាខេត្ត បានធ្វើបទបង្ហាញស្តីពីកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូចព្រមទាំងបទបង្ហាញពីវិធានប្រើប្រាស់វិក្កយបត្រ ជូនដល់សិក្ខាកាមឱ្យបានជ្រាបរួចមក
លោកផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការរៀបចំសិក្ខាសិលានៅពេលនេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទបញ្ញតិ្តគោលការណ៍ថ្មីៗមួយចំនួន របស់អគ្គនាយកដ្ឋានពន្ធដារជាពិសេសពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនសហគ្រាស អ្នកជាប់ពន្ធ លើ កាតព្វកិច្ច ការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(GDT Tax Prefiling App) អាករលើតម្លៃបន្ថែម និងវិធានវិក្កយបត្រ សម្រាប់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការសហការចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ក្នុងឆ្នាំ២០២២ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៍ដូចជាប្រទេសជាតិទាំងមូលផងដែរ។ លោកប្រធានសាខាពន្ធដាខេត្តលើកឡើងថា៖ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការកែទម្រង់ ដាក់ឱ្យប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនបាច់មករដ្ឋបាលសារពើពន្ធទេ គ្រាន់តែរៀបចំ ឯកសារគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើក APP ដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងការរួមចំណែក បំពេញ កាតព្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវនិងចំណេញពេលវេលាផងដែរ។ជាមួយគ្នានោះ ការផ្សព្វផ្សាយស្តីពីកាតព្វកិច្ចការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(GDT Tax Prefiling App) អាករលើតម្លៃបន្ថែម និងវិធានវិក្កយបត្រ គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដារ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធឱ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព គុណភាព ឆ្ពោះរកទៅការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
លោកប្រធានពន្ធដាខេត្តបានបញ្ជាក់ថា៖ការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូច្នេះសូមឱ្យបងប្អូនដែលជាអាជីវកម្ម ម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា៕អត្ថបទ ភ្នំខៀវ ប៉ៃលិន