មិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)

សៀមរាប​ ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទនៃសណ្ឋាគារ សុខា សៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម លោកជំទាវ ជាក្រុមការងារថ្នាក់កណ្តាល និង លោក លោកស្រី ជាសមាជិក សមាជិកាបក្សមកពីបណ្តាក្រុង ស្រុក ឃុំសង្កាត់ ប្រមាណជា២៥០០នាក់ដែលបានចូលរួមផងដែរ ។
ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៏ថា ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២២) ឆ្នាំនេះ បានប្រព្រឹត្តទៅ ក្នុងសភាពការណ៍ដែលប្រទេសជាតិបានងើបឡើងវិញ ពីវិបិត្តិនៃជម្ងឺកូវីដ-១៩ ហើយកំពុងឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍ និង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពស្របតាមនីតិវិធីនៃច្បាប់បោះឆ្នោតយ៉ាងពិតប្រាកដ តាមរយៈនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជាប្រវត្តិសាស្ត្រនេះ យើងទាំងអស់គ្នា សូមសម្តែងនូវកាតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែប្រកាន់នៅឥរិយាបទឥតប្រែប្រួលនូវគោលបំណងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលីកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។ ជាការពិតជាក់ស្តែង ចាប់ពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជារក្សាខ្ជាប់នូវសារជាតិរបស់ខ្លួនជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍ថ្លែងនៅសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទាំងស្រុងក្នុងខ្លឹមសារអត្ថន័យថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗ ជាវិជ្ជមានប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឲ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងខ្លឹមសារនៃសុន្ទរកថាក៏បានលើកផងដែរថា ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព សង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យបានចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានា ទាំងក្របខណ្ឌតំបន់ និងសកល ។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយផងដែរ។ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវ សច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគ្នាដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។ និយាយរួមមករាល់សមិទ្ធផលដែលគណបក្ស បានសម្រេចជូនជាតិក្នុង រយៈពេល ៤៣ឆ្នាំ កន្លងមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាង នយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយ គុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ។ ប៉ុន្ដែក្នុង ដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ ។ ប្រជាជនកម្ពុជា បានកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយផ្លែផ្កា ដែលជាកត្តាសំខាន់ដែលមិនអាចខ្វះបាន គឺ សន្តិភាព ប្រជាធិបតេយ្យ និង ការអភិវឌ្ឍនៅកម្ពុជា ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប