យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សរុប ៥៦ នាក់ ទទួលបានឯកសណ្ឋាន និងចំណេះដឹងថ្មីៗស្ដីពីអត្ថប្រយោជន៍ នៃការដាំបន្លែ និងរុក្ខជាតិបែតងក្នុងសហគមន៍

កំពង់ធំ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធីបំពាក់កន្សែងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សរុប ៥៦នាក់ និងវគ្គផ្សព្វផ្សាយស្ដីពីការលេីកកម្ពស់ការដាំបន្លែក្នុងសហគមន៍ និងគ្រឹះស្ថានសិក្សា កក្រោមអធិបតីភាពលោក តាន់ ប៊ុនហុង សមាជិកគណៈកម្មាធិការសាខា ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ដ្រីទីស្នាក់ការកណ្ដាល នាយកសាខា នាយករងវិទ្យាល័យ មន្ដ្រីការិយាល័យ ទីប្រឹក្សា យុវជន យុវជន សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសិស្សានុសិស្ស សរុបប្រមាណ ១២០នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

កម្មវិធីដ៏មានសារសំខាន់នេះ រៀបចំឡេីងក្នុងគោលបំណងអបអរសាទរសមាជិកយុវជន សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលទេីបទទួលបានវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងអប់រំផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការដាំបន្លែ និងរុក្ខជាតិលក្ខណៈគ្រួសារ តាមសហគមន៍ និងគ្រឹះស្ថានសិក្សា ។ បន្ទាប់ពីក្រុមយុវជន និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានជាប់ជ័យលាភីជាបន្តបន្ទាប់ពីការសរសេរគម្រោង ផលិតវីដេអូអប់រំ ស្ដីពីការចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុក្នុងបរិបទនៃជំងឺកូវីដ-១៩ ។ ការផលិតវីដេអូស្ដីពីការលេីកកម្ពស់ការដាំបន្លែសហគមន៍ បានជាប់ជ័យលាភីលេខ១ ក្នុងចំណោម ១១ប្រទេសលើសកលលោក ដែលបានចូលរួមប្រកួតប្រជែង ដើម្បីអបអរសាទរទិវាស្បៀងអាហារពិភពលោក គាំទ្រដោយកាកបាទក្រហមអង់គ្លេស ។

ក្នុងឱកាសនោះដែរ ក្រុមយុវជន និងអ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបង្ហាញសមិទ្ធផល ភាពជោគជ័យនៃកម្មវិធី គម្រោងនីមួយៗ ដែលជាស្នាដៃរបស់ពួកគេ ព្រមទាំងធ្វេីបទបង្ហាញស្ដីពីការលេីកកម្ពស់ការដាំកូនឈេី ថែរក្សាអនាម័យបរិស្ថាន ការកាត់បន្ថយថង់ប្លាស្ទីក និងការដាំបន្លែក្នុងសហគមន៍ និងគ្រឹះស្ថានសិក្សា។ ក្រៅពីនេះ ក្រុមយុវជន និងអ្នកស្ម័គ្រចិត្តក៏បានធ្វេីសកម្មភាពដាំបន្លែ និងប្រមូលផលបន្លែដែលបានដាំ ស្របតាមជំនាញ និងបច្ចេកទេសដែលខ្លួនមានផងដែរ។

ស្ថិតក្នុងឱកាសនេះដែរ លោក តាន់ ប៊ុនហុង សមាជិកគណៈកម្មាធិការសាខា ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ក៏បានថ្លែងការកោតសរសេីរចំពោះក្រុមយុវជន និងអ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបង្ហាញពីសមិទ្ធផល ស្នាដៃ និងចំណេះដឹង ។ ការចូលរួមប្រកួតប្រជែងលេីឆាកអន្ដរជាតិ ទទួលបានជ័យលាភីជាបន្ដបន្ទាប់សម្រាប់លេីកកិត្តិយស និងស្នាដៃជូនកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

គួរបញ្ជាក់ផងដែរថា ក្រុមយុវជន និនិងអ្នកស្ម្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសរុប ៦នាក់ បានសរសេរគម្រោងលើកទី១ ជាប់ជ័យលាភីជាថវិកាគាំទ្រពីសហព័ន្ធអន្ដជាតិ និងបន្ដផលិតវីដេអូប្រកួតប្រជែងជាលើកទី២ស្ដីពីការលេីកកម្ពស់អនាម័យ បរិស្ថាន ព្រមទាំងការផលិតវីដេអូស្ដីពីការលេីកកម្ពស់ការបន្លែក្នុងសហគមន៍ និងគ្រឹះស្ថាន ជាប់ជ័យលាភីលេខ១ ក្នងចំណោមសមាគមជាតិទាំង១១ លេីពិភពលោក។