ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីឃុបឃិតគ្នាខ្ចីម៉ូតូយកទៅបាត់ រកឃើញនៅកន្លែងបញ្ចាំ ក្នុងភូមិផ្សារព្រំ

ប៉ៃលិន ៖ កាលពីវេលាម៉ោង១៦:០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានដឹកនាំកម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពាក់ព័ន្ធករណីខ្ចីម៉ូតូយកទៅបាត់ ដែលកើតឡើងនៅចំណុចភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នួន សារឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាង៉ែន លើសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយបាតម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន១C-៥៤៩៨។នេះបើយោងតាម លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងនៅព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងបន្តថា៖ជនសង្ស័យ ដែលឃាត់ខ្លួនទី១-ឈ្មោះ សំ អាន ហៅកោប ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុយសារធាតុញៀន(+)។ទី២-ឈ្មោះ រ៉ា សាក់ ហៅវីន ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។ចំណែករួមទាំងវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ផ្លាកលេខប៉ៃលិន១C-៥៤៩៨ ចំនួន០១គ្រឿង។ជនសង្ស័យទាំងពីរខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះយកទៅពិតប្រាកដមែន។
បច្ចប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕អត្ថបទ ភ្នំខៀវ ប៉ៃលិន