ពិធីបើកសន្និបាត និងវាយតម្លៃការងារអប់រំ ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងយុវជន របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន

ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងសាលប្រជុំមន្ទីរអប់រំខេត្ត មានរៀបចំពិធីបើកសន្និបាត បូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០​-២០២១”និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃ្លោក នូយ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ អង្គការដៃគូរនានា លោកគ្រូ អ្នកគ្រូ និងនាយកគ្រប់គ្រងសាលា ជាច្រើននាក់។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានរាយការណ៍ ពីលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក ប្រកបដោយមោទនភាព ដោយសម្រេចបានទាំងបរិមាណ និងគុណភាព ដែលជាសកម្មភាពអាទិភាព និងជាយុទ្ធសាស្ត្រ ដែលមន្ទីរបានអនុវត្តកន្លងមក។ លោកថា ការអនុវត្តនោះទៀត ផ្តោតជាសំខាន់ ទៅលើការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន សមត្ថភាពគ្រប់គ្រង អភិបាលកិច្ចល្អ ការតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការវាយតម្លៃ ដើម្បីបង្កើនកាលានុវត្តភាពស្មើៗគ្នា ដល់កុមារ និងយុវជន ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយធានាឲ្យពួកគេ មានឱកាសរៀនចប់កម្រិតមូលដ្ឋានផងដែរ។
ក្នុងឪកាសនោះដែរលោក ឃ្លោក នូយ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំ គ្រប់ក្រុង ស្រុក និងថ្នាក់ដឹកនាំគ្រប់មូលដ្ឋានសិក្សា រួមនឹងអាជ្ញាធរ មាតាបិតា ត្រូវយកចិត្តទុកដាក់ ចាត់វិធានការសមស្របនានា ដើម្បីលើកកម្ពស់អត្រាសិក្សារបស់សិស្ស និងកាត់បន្ថយអត្រាបោះបង់ការសិក្សា ឲ្យបាននៅកម្រិតទាបបំផុត។លោកបានបញ្ជាក់ថា ការចូលរួមដោយយកចិត្តទុកដាក់ ពីសំណាក់លោកគ្រូ អ្នកគ្រូ ចំពោះស្ថានភាពឧបសគ្គរបស់សិស្សានុសិស្ស គឺជាមូលដ្ឋាន នៃការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ទប់ស្កាត់គ្រប់សកម្មភាពអសកម្មរបស់សិស្ស ការបញ្ជ្រាបការងារអនាម័យ បរិស្ថាន ការថែទាំដាំដើមឈើ ត្រូវធ្វើយ៉ាងណាអោយសិស្សានុសិស្ស លេងកីឡាអោយបានគ្រប់ៗគ្នា បង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅគ្រប់កម្រិត ឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេស ត្រូវពង្រឹងលើគ្រប់ការប្រឡងទាំងអស់ មិនថាប្រចាំខែ ត្រីមាស ឬ ឆមាស ដើម្បីធ្វើយ៉ាងណាឲ្យសិស្ស ពង្រឹងសមត្ថភាពចំណេះដឹង ជំនាញ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ អោយទទួលបានជោគជ័យ និង បន្តទៅបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ជាបន្តទៀត ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន