អភិបាលស្រុកស្ទោង បានថ្លែងថាសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

(កំពង់ធំ)÷ដោយមានការយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង ព្រះសង្ឃ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រគល់ផ្ទះ និងបង្គន់អនាម័យ ជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួនបីគ្រួសារគឺលោកស្រី ខន រ៉ៃ លោក ហ៊ី វណ្ណា លោក ឆោម វណ្ណា ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានលើកឡើងថា “សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាសុខទុក្ខរបស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់” លោកបានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំស្រុកស្ទោង លោកមិនចង់ឃើញការលំបាកទុកឲ្យប្រជាពលរដ្ឋណាម្នាក់ គ្រួសារណាមួយ រស់នៅក្នុងស្ថានភាពលំបាកវេទនា ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងមូលដ្ឋានឡើយ។

ជាមួយនេះផងដែរលោក សាយ គឹមឡម បានជំរុញដល់អាជ្ញាធរ ភូមិ ឃុំ ក្នុងស្រុកស្ទោងត្រូវ បង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស គ្រួសារទីទ័លក្រ ស្ត្រីមេម៉ាយនិងចាស់ជរា ដែលទាមទានូវការយកចិត្តទុកដាក់ខ្ពស់បំផុត។

លើសពីនេះ ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកសាយ គឹមឡម ក៏បានអំពាវនាវអោយអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ ទៅចាក់វ៉ាក់សាំងដូសជំរុញ បង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា និងតាមការណាត់របស់គ្រូពេទ្យពីព្រោះ ស្ថានភាពកូវិដ-១៩ នៅក្នុងប្រទេសយើងហាក់កំពុងកក្រើកសារជាថ្មីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

គួបញ្ជាក់ថា ផ្ទះ២ខ្នងខាងលើមានទំហំ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើពីស័ង្កសី ហើយបង្គន់អនាម័យមាន៣ខ្នង មានទំហំ២ម៉ែត្រ×២ម៉ែត្រធ្វើអំពីឥដ្ឋ និងមានអំណោយបន្ថែមទៀត គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ។