រដ្ឋបាលក្រុងប៉ៃលិនបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ ឆ្នាំ២០២២ របស់ ក្រុមប្រឹក្សាក្រុងប៉ៃលិន

ប៉ៃលិន ៖នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុង និងលោក ស៊ុន យី អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង រួមទាំងលោក លោកស្រីជាអភិបាលរងក្រុង លោកលោកស្រីក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ២៧៣ នាក់ ផងដែរ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ថា៖វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ក្រុង ត្រូវបានប្រារព្វធ្វើឡើងនេះ ក្នុងគោលបំណងជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើ សេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុមប្រឹក្សា បានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើត ឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អរ សេវាសាធារណៈ ឈានទៅរកការប្រមូលពត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការនេះផងដែរ។ លោកបានបន្តទៀតថា៖ក្នុងនាមរដ្ឋបាលក្រុង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ តំណាងអង្គភាព និងក្រុមការងារ ពាក់ព័ន្ធទាំងអស់ដែលបានអញ្ជើញចូលរួម និងសហការណ៍ ធ្វើអោយវេទិការនេះ អាចដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយ បរិយាកាសល្អប្រសើរ ផងដែរ។
លោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងបានមានប្រសាសន៍ថា៖នៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងប៉ៃលិន នាឱកាសនេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណូមពរសរុបចំនួន៦៣ ក្នុងនោះអង្គវេទិកា បាន ដោះស្រាយបំភ្លឺជូនបានចំនួន១៣ សំណូមពរ ប៉ុន្តែមិនទាន់ដោះស្រាយបាន១០០%នៅឡើយទេ។លោកបានបន្តថា៖ ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះលោកក៍បានប្តេជ្ញាយកចិត្តទុកដាក់ដោះស្រាយ និង ជំរុញ ដល់ ស្ថាប័នមន្ទីរជំនាញ ដែល ជាប់ ពាក់ព័ន្ធទាំងអស់ ធ្វើការដោះ ស្រាយបញ្ហា ទាំងនេះ អោយបានជាបន្តបន្ទាប់ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល៕អត្ថបទ ភ្នំខៀវ ប៉ៃលិន