ប៊ីចេងសញ្ញារូបវែក ក្លែងក្លាយ ចំនួន១៨តោនត្រូវដុតបំផ្លាញចោល

0

ខេត្ត​សៀមរាប. ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និង ក្លែងផលិតផលទំនិញ ដែលត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃស្នងការដ្ឋានការនគរខេត្តសៀមរាប បាធ្វើការឆែកឆេរត្រួតពិនិត្យ និងដកហូតបាន ចំនួន១៨តោន កាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩ ត្រូវបានយកមកធ្វើពិធីដុតបំផ្លាញចោល កាលព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង ស្នងការរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង អធិការនគរបាលស្រុក និង នគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីរាជការផងដែរ ។
តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន បានឲ្យដឹងផងដែរថា វត្ថុតាងទាំងនេះ គឺជាបទល្មើស ក្នុងការក្លែងបន្លំពាណិជ្ជសញ្ញា និង ក្លែងផលិតផលទំនិញ ដោយបានរំលោភទៅលើសិទ្ធបញ្ញា ក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ។ ម៉្យាងទៀតវត្ថុតាងទាំងនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការ ដកហូតកាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប យកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើមី្បរងចាំការសម្រេចពីតុលាការ ក្នុងការរៀបចំដុតបំផ្លាញចោល ហើយចំពោះបុគ្គលសង័្សយក៏ត្រូវបានបញ្ជូនទៅសាលាដំបូងផងដែរ ។ លោកឧត្តមសេនីយ៍ទោ ក៏បានបន្តទៀតថា ប៊ីចេងក្លែងក្លាយទាំង១៨តោននេះ សមត្ថកិច្ចក្រុមប្រតិបត្តិការ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឆេកឆេរត្រួតពិនិត្យជាក់ស្តែង បានរក ឃើញមានការរក្សាទុក សម្ភារៈ វេចខ្ចប់លក់ និង ចែកចាយផលិតផល ដែលជាកាបង្កនូវគ្រោះថ្នាក់ មានហានីភ័យខ្ពស់ ដល់សុខភាព និង សុវត្ថិភាពសង្គម ដល់អ្នកប្រើប្រាស់ ហើយក្រោយពេលនីតិវិធីរបស់ស្ថាប័នតុលា ការបានចប់សព្វគ្រប់ហើយ ទើបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុំធ្វើការរៀបចំដុតបំផ្លាញចោលនៅថ្ងៃនេះ ។ លោកក៏បានបញ្ជាក់ថា រាល់បទល្មើសទាំងអស់ យើយគ្រប់រូបត្រូវចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការបង្រ្កាប ទប់ស្កាត់នូវផលិតផលក្លែងក្លាយ ដែលគ្មានស្លាកយីហោត្រឹមត្រូវ និង មិនបានចុះកម្មសិទ្ធបញ្ញានៅក្រសួង ដែលបានធ្វើចរាចរនៅតាមទីផ្សារ ឬ តាមហាង ទីកន្លែងផ្សេងៗទៀត គឺត្រូវធ្វើការបង្រ្កាបឲ្យខាងតែបាន ។ ក្នុងនោះលោកក៏បានបញ្ជាក់ទៀតថា គ្រប់សកម្មភាព បទល្មើសទាំងអស់ ដែលធ្វ់ឲ្យប៉ះពាល់ដល់សុខមាភាពរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនៅតែធ្វើការបង្រ្កាបឲ្យដូចភ្លៀង រលឹម ហើយក៏មិនខ្លោបខ្លាចជនល្មើសទាំងនោះឡើយ ។
តាមការបញ្ជាក់របស់លោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ចំពោះករណី បុគ្គលម្ចាស់ ផលិតផលក្លែងក្លាយនេះ ត្រូវបានសាលាដំបូងខេត្ត ចេញសាក្រមដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ។
ក្នុងនោះដែរតំណាងក្រុមហ៊ុន ដែលជាអ្នកដើមបណ្តឹង បានធ្វើការបកស្រាយបង្ហាញ នូវសារៈសំខាន់ៗនៅលើកញ្ចប់ប៊ីចេងសញ្ញារូបវែក ដើមី្បជាចំណុចសម្គាល់ទៅលើផលិតផលក្លែងក្លាយ និង មិនក្លែងក្លាយ សម្រាប់ប្រជាពលរដ្ឋយើងគ្រប់ រូបយកទៅប្រើប្រាស់ ៕
ដោយ​ ម៉ី សុខារិទ្ធ