ការប្រកួតយកពាន់រង្វាន់បាល់ទាត់សិស្សវិទ្យាល័យទាំង៤ រដូវកាលទី៣ នៅស្រុកស្ទោង

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈរ ស៊ុនហុង ទីប្រឹក្សា ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានវង្វាន់បាល់ទាត់សិស្សវិទ្យាល័យទាំង៤ រដូវកាលទី៣ ដែលជាគំនិតផ្តួវផ្តើមរបស់ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ចំណង់ចំណូលចិត្តរបស់ឯកឧត្តមគឺវិស័យកីឡា ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព ចេះសាមគ្គីគ្នា មានភាពទំនាក់ទំនងពីគ្នាទៅវិញទៅមក ព្រមទាំងឲ្យសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀនផងដែរ។

ជាមួយនេះផងដែរឯកឧត្តម ឈរ ស៊ុនហុង បានណែនាំបន្ថែមទៀតឲ្យកីឡាករគ្រប់ៗរូប ត្រូវបង្កើនការសិក្សាឲ្យបានទ្វេដងទាំងនៅក្នុងថ្នាក់រៀន នៅតាមផ្ទះរៀងៗខ្លួន ក៏ដូចជាការសិក្សាតាមប្រព័ន្ធឌីជីថលជាដើម ដើម្បីទទួលបាននូវលទ្ធផលការប្រឡងមានលក្ខណៈល្អប្រសើរគ្រប់ៗគ្នា។ វិស័យកីឡា ជាវិស័យមួយដែលសាលារៀនទាំងអស់បានផ្សារភ្ជាប់ នឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាដើម្បីឱ្យសិក្សានុសិស្សមានពេលវេលាហាត់ដើម្បីឲ្យសុខភាពរល្អ រឹងមាំ និងមានប្រាជ្ញាឆ្លាតវៃផងដែរ។

ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមកីឡា និងសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រឲ្យបានទៀងទាត់ ស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូព្រោះគាត់ជាឪពុកម្ដាយទី២របស់យើងទាំងអស់គ្នា។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឱ្យរួចផុតពីការគ្រោះថ្នាក់ និងការបាត់បង់ដល់អាយុជីវិត ត្រូវចៀសឲ្យឆ្ងាយឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថាក្រោយពីប្រកួតយ៉ាងស្វិតស្វាញតាមលក្ខណៈបច្ចេកទេស អស់រយៈពេល២ថ្ងៃ ក្រុមសិស្សវិទ្យាល័យ រស្មីសោភ័ណទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានពាន់រង្វាន់លេខ១ និងទឹកប្រាក់លើកទឹកចិត្តចំនួន១,៣០០,០០០រៀល ក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន រុងរឿង ទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានទង់១ មេដាយ១ និងថវិកាលើកទឹកចិត្តចំនួន៩៩០,០០០រៀល ក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន ចំណាលើ ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានទង់១ មេដាយ១ និងថវិកាលើកទឹកចិត្តចំនួន៨០០,០០០រៀល និងក្រុមសិស្សវិទ្យាល័យជាស៊ីមប្រឡាយ ទទួលបានចំណាត់ថ្នាក់លេខ៤ទទួលបានទង់១ មេដាយ១ ព្រមទាំងថវិកាលើកទឹកចិត្ត៧៣០,០០០រៀល។