សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ នៅក្នុងស្រុកត្បែងមានជ័យ និងប្រដេញស្ទាក់ចាប់រថយន្តសាំយ៉ុង ១គ្រឿង ផ្ទុកឈើពេញប្រៀប នៅក្នុងស្រុកគូលែន

0

ខេត្តព្រះវិហារ៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដហការរួមគ្នា ជាមួយ កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលប្រមេរ អាជ្ញាធរមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសព្រៃឈើ ចំនួន ២ករណី ក្នុងថ្ងៃតែ១ នៅ២ទីតាំងដាច់ដោយឡែកពីគ្នា។

ប្រតិបត្តិការបង្ក្រាបបទល្មើសការកែច្នៃឈើ និងការដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាតិ ទាំង២ករណីនេះ គឺ ១. បង្ក្រាបទៅលើរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង នៅក្នុងស្រុកត្បែងមានជ័យ ដឹកនាំដោយ លោក វង្ស វិស្សិត នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដែលមានការចូលរួមពី កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រមេរ និង ២.ការចុះស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកជញ្ជូនល្មើសច្បាប់ ១គ្រឿង ដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

មន្ត្រីអនុវត្តច្បាប់ព្រៃឈើ បានឲ្យដឹងថា ការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យនោះ គឺ សិប្បកម្មនេះគ្មានច្បាប់អនុញ្ញាតនោះទេ ហើយម្ចាស់សិប្បកម្មនេះ ឈ្មោះ ជ័យ សាន ភេទស្រី អាយុ ៤៤ឆ្នាំ សិប្បកម្មនេះ គេបានរាយការណ៍ឲ្យបានដឹងថា បានបើកកែច្នៃឈើគ្រប់ប្រភេទ មានរយៈពេលយូរឆ្នាំមកហើយ។

នៅក្នុងពេលចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូសយកវត្ថុតាងបទល្មើស បានតាបឈូសឈើ ១គ្រឿង តាបជ្រៀកឈើ ១គ្រឿង និងឈើប្រភេទលេខ១ ជាច្រើនម៉ែត្រគូបផងដែរ។ ក្រោយការបង្ក្រាប និងរឹបអូស វត្ថុតាងទាំងនោះ ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ។ ចំណែក ម្ចាស់បើកសិប្បកម្មកែច្នៃឈើ ឈ្មោះ ជ័យ សាន ត្រូវបានមន្ត្រីជំនាញធ្វើការអប់រំ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ប្រព្រឹត្តអំពើល្មើសច្បាប់នេះ តទៅទៀត។

ដោយឡែក នៅក្នុងស្រុកគូលែន ឯណោះវិញ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថស្រុក និងកម្លាំងស្នាក់ការសន្តិសុខ ២១០ ប្រចាំព្រំប្រទល់ព្រះវិហារ-សៀមរាប ប្រដេញស្ទាក់ចាប់រថយន្តសាំយ៉ុង ដឹកជញ្ជូនឈើ ១គ្រឿង ចេញពីអូរជុញ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ក្នុងគោលដៅនាំឆ្ពោះចូលទៅខេត្តសៀមរាប។

នៅក្នុងការចុះបង្ក្រាប ដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នោះ កម្លាំងអាវុធហត្ថមូលដ្ឋាន ក្រោយទទួលបានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ហើយនោះ បានប្រដេញស្ទាក់ចាប់បានរថយន្តនោះ គ្រាដែលរថយន្តដឹកឈើនោះបែកកង់រត់ទៅមុខលែងរួច នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ស្ថិតក្នុងភូមិអូរចាក់ស្រា ឃុំស្រយង់ ស្រុកគូលែន។

រថយន្តផ្ទុកឈើប្រភេទលេខ២ ដែលរងការបង្ក្រាបពីកម្លាំងអាវុធហត្ថនាពេលនោះ ជាប្រភេទរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-8349 រីឯតៃកុងរថយន្តនេះ បានបើកទ្វាររថយន្តលោតចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយការបង្ក្រាប រថយន្តសាំយ៉ុង ១គ្រឿង ដែលផ្ទុកឈើលេខ២ ពេញប្រៀបនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ធ្វើការផ្ទេរប្រគល់ទៅឲ្យមន្ត្រីជំនាញព្រៃឈើ នៃសង្កាត់រដ្ឋបាលព្រៃឈើគូលែន យកទៅរក្សាទុក និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ស្តីពីព្រៃឈើ៕ដោយ៖ឡុង សំបូរ