សាលាដំបូងខេត្តព្រះវិហារ ឃុំខ្លួនបុរសជនជាតិចិនម្នាក់ សង្ស័យជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាង ១០០គីឡូក្រាម នាំឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់

0

ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រី សម្ផស្ស មុទិតា នៅរសៀលថ្ងៃទី៣កញ្ញានេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យជនជាតិចិនម្នាក់ ដែលបានដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ១០០គីឡូក្រាម ចូលមកខេត្តព្រះវិហារ កម្ពុជា ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានឲ្យដឹងថា ការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិចិនរូបនោះ បានធ្វើឡើងក្រោយការរកឃើញកំហុស នៅក្នុងការនាំគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ចូលមកខេត្តព្រះវិហារ និងក្រោយពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ចុះបង្ក្រាបនិងរឹបអូសបានគ្រឿងញៀន ១០០ដុំធំ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅ២ ស្រុកឆែក ខេត្តព្រះវិហារ​។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី​ បានឲ្យដឹងទៀតថា បុរសជនជាតិចិន ដែលត្រូវបានសាលាដំបូងខេត្ត សម្រេចឃុំខ្លួននៅក្នុងពេលនេះ ឈ្មោះ TU SUERONG អាយុ ៣៦ឆ្នាំ ជាមួយនឹងការដកហូតបានថ្នាំញៀន ប្រភេទកេតាមីន (KETAMINE) ១០០ ដុំ ស្មើទម្ងន់ ១០០ គីឡូក្រាម និង ៨០ ក្រាម ។ លោកថា បុរសជនជាតិចិនរូបនេះ ត្រូវបានរូបលោក ដែលជាតំណាងស្ថាប័នអយ្យការខេត្ត សម្រេចធ្វើការចោទប្រកាន់ពីបទ (ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនចូលកម្ពុជា ដោយខុសច្បាប់) និងបានបញ្ជូនជនសង្ស័យ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ៣២ នាទី ថ្ងៃត្រង់ ស្ថិតនៅចំណុចភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅ២ ស្រុកឆែក ខេត្តព្រះវិហារ កន្លងទៅថ្មីៗនេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក ទី សុវិនថាល់ ចុះបង្ក្រាបករណីដឹកជញ្ជូន និងការជួញដូរគ្រឿងញៀន ដោយបុរសជនជាតិចិនម្នាក់ ចូលមកខេត្តព្រះវិហារ កម្ពុជា ដោយខុសច្បាប់ ។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចធ្វើការរឹបអូសបានគ្រឿងញៀន ប្រភេទកេតាមីន (KETAMINE) ចំនួន ១០០ ដុំ ស្មើទម្ងន់ ១០០ គីឡូក្រាម និង ៨០ ក្រាម និងនៅក្នុងពេលចុះបង្ក្រាប ជនសង្ស័យឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជនជាតិចិនរូបនោះ បានរត់គេចខ្លួនបាត់ស្រមោល ។

នៅពេលបន្ទាប់ កម្លាំងសមត្ថកិច្ចបានពន្លាតដែនដី ដើម្បីតាមប្រមាញ់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្រោមកិច្ចសហការ រវាង កម្លាំងនគរបាលជំនាញ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ ,កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក ទី សុវិនថាល់ ,ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង លោក ជេត ខេមរា និង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុ លោក ហួត វិចិត្រ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ហើយឈានទៅកំណត់មុខសញ្ញាជនសង្ស័យ និងធ្វើការបង្ក្រាប និងឃាត់ខ្លួនបានបុរសជនជាតិចិនម្នាក់ ឈ្មោះ TU SUERONG ​នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុង ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ។

លទ្ធផលនៅក្នុងប្រតិបត្តិការ ដែលបានធ្វើឡើងក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០សីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នោះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ឈ្មោះ TU SUERONG អាយុ ៣៦ឆ្នាំ ដកហូតបានថ្នាំញៀន ប្រភេទកេតាមីន (KETAMINE) ១០០ ដុំ ស្មើទម្ងន់ ១០០ គីឡូក្រាម និង ៨០ ក្រាម ,រថយន្ត ១ គ្រឿង និងទូរ សព្ទដៃ ១ គ្រឿង បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រី សម្ផស្ស មុទិតា ​នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យឧក្រិដ្ឋជន ជនជាតិចិន ឈ្មោះ TU SUERONG នោះហើយ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ៕ ដោយ៖ឡុង សំបូរ