ដែនសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត សំបូរបែបទៅដោយជីវចម្រុះ និងសត្វស្លាបជាច្រើនប្រភេទ អភិបាលខេត្តព្រះវិហារ ជម្រុញឲ្យបង្កើនការអភិរក្ស

0

ខេត្តព្រះវិហារ៖ តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត គឺជាដែនព្រៃសហគមន៍មួយ ក្នុងចំណោមព្រៃសហគមន៍ជាច្រើនទៀត ក្នុងខេត្តព្រះវិហារ ហើយព្រៃសហគមន៍មួយនេះ ក៏ត្រូវគេដឹងថា សំបូរបែបទៅដោយសត្វស្លាប សត្វចតុបាត និងជីវៈចម្រុះជាច្រើនប្រភេទ ផងដែរ។

អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី កាលពីថ្ងៃទី៤កញ្ញា២០២២ ចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំមន្ត្រីខេត្ត ស្រុក រួមជាមួយ អង្គការដៃគូ សហគមន៍ការពារព្រៃឈើ ប្រធានមន្ទីរបរិស្ថានខេត្ត និង មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពសត្វព្រៃ ក្នុងសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត និងលោកអភិបាលខេត្ត បានជំរុញឲ្យមានការរួមគ្នាអភិរក្សជីវចម្រុះនៅទីនោះ ឲ្យបានគង់វង្ស ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ដំណើរឆ្ពោះទៅកាន់ព្រៃសហគមន៍នោះ លោកអភិបាលខេត្ត បានពិនិត្យមើលសត្វត្មាត និង វាស់ដើមឈើ ដើម្បីសិក្សាវាយតម្លៃឥណទានកាបូន នៅចំណុចអាហារដ្ឋានត្មាតវាលបឹងទាល់ នៅក្នុងព្រៃសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត ស្ថិតនៅក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន បានបង្ហាញឲ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត  មានសត្វស្លាបជាច្រើនប្រភេទ ដូចជា សត្វត្រយ៉ងយក្ស សត្វទាព្រៃស្លាប សត្វត្មាត សត្វក្រៀល សត្វត្រសេះ និង សត្វមៀម ហើយនៅជុំវិញព្រៃសហគមន៍នេះ សំបូរបែបទៅដោយជីវៈចម្រុះ ដើមឈើធំជាច្រើនប្រភេទៗ និងដែនដ៏ព្រៃក្រាស់ៗ ក្រោមការគ្រប់គ្រង ការពារ និងអភិរក្សពីសហគមន៍ការពារព្រៃឈើ បានយ៉ាល្អប្រសើរ ៕ ដោយ៖ឡុង សំបូរ