ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅតែរងការកាប់បំផ្លាញឈើ អារ ពុះ និងជ្រៀក ដឹកយកទៅធ្វើជំនួញដោយខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូច នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ត្រូវគេដឹងថា ព្រះមហាក្សត្រខ្មែរ ទ្រង់បានឡាយព្រះហត្ថលេខា និងចេញព្រះរាជ្យក្រឹត្យ ដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាតំបន់អភិរក្ស នៅក្នុងឆ្នាំ ២០១៤ ដើម្បីការពារសម្បត្តិព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ។

បើទោះបីជា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបនេះ បានការពារដោយព្រះរាជក្រឹត្យយ៉ាងណាក្តី ក៏ដែនព្រៃរបស់ឧទ្យាន នៅតែរងការកាប់បំផ្លាញដើមឈើ តូចធំគ្រប់ប្រភេទ អារ ពុះ និងជ្រៀក ដឹកជញ្ជូនយកទៅធ្វើជំនួញ ពីសំណាក់ក្រុមជនខិលខូចមួយចំនួនតូច នៅក្នុងមូលដ្ឋាននោះ បើទោះបីជាមានការរឹតបន្តឹងការយាមល្បាត និងការថែរក្សា ពីមន្ត្រីឧទ្យានយ៉ាងណាក្តី ។

នៅថ្ងៃទី៥កញ្ញា ម្សិលមិញ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលដឹកនាំដោយ លោក បណ្ឌិត សុខ ទូច បានបន្តការដើរល្បាត និងបានរកឃើញការកាប់បំផ្លាញដើមឈើសុក្រំចំនួន ៧ទីតាំង និងដើមផ្ចឹកចំនួន ១ ទីតាំង ពីសំណាក់ជនខិលខូចនៅក្នុងមូលដ្ឋាននោះ ។

ជុំវិញព្រៃឈើនៅក្នុងដែនឧទ្យាន នៅតែរងការកាប់ធ្វើជំនួញនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត សុខ ទូច បានបញ្ជាក់ថា ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ យើងបានកំណត់មុខសញ្ញាអ្នកដែលបានចូលកាប់ឈើ គឺជាអ្នកដែលមកតាំងទីលំនៅថ្មី ក្រោយព្រះរាជ្យក្រឹត្យ ដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាតំបន់អភិរក្ស កាលពីអំឡុងឆ្នាំ ២០១៤ កន្លងទៅនេះ ។

លោក បណ្ឌិត សុខ ទូច បានបញ្ជាក់ទៀតថា កន្លងមក យើងបានរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះ ឲ្យទៅរស់នៅទីតាំងថ្មី ដែលមានក្បាលដីក្នុងទំហំ ៣០ X ៥០ម៉ែត្រ នៅជិតនឹងសាលារៀន វត្តអារាម មានអណ្តូងទឹកសម្រាប់ប្រើប្រាស់ និងបានអនុញ្ញាតដល់ពួកគាត់ អាចមកអាស្រ័យផល នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា បានជាធម្មតា ផងដែរ។ ប៉ុន្តែ ពួកគាត់មួយចំនួនធំ នៅបន្តរស់នៅក្នុងដែន ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ដដែល ហើយពេលខ្លះ ពួកគាត់បានចូលទៅកាប់ឈើនៅពេលយប់ ។

លោកបណ្ឌិត បានបន្តថា ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ពិតជាថ្លែងអំណរគុណ ដល់អាជ្ញាធរដែលពាក់ព័ន្ធ ដែលតែងជួយសហការ និងសម្របសម្រួលការងារជាមួយក្រុមការងារយើងកន្លងមក។ ប៉ុន្តែ ហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ត្បិតកន្លងមក យើងបានប្រមូលនូវវត្ថុតាងជាច្រើន ដូចជា អាវុធកែច្នៃ និងឈើដែលបានរក្សាទុក ព្រមទាំងបានរាយការណ៍ដល់ថ្នាក់ដឹកនាំស្រុកជារឿយៗ ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត សុខ ទូច បានថ្លែង ដោយផ្តោតលើការមានជំនឿយ៉ាងមុតមាំថា នៅក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ គណៈអភិបាលខេត្តព្រះវិហារថ្មី ព្រមទាំង លោកអភិបាលស្រុកឆែបថ្មី នឹងបន្តជួយគាំទ្រ សហការ ដល់ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប យើង ក្នុងការពន្លឿននីតិវិធី ដែលនៅសេសសល់ទាំងឡាយ សំដៅរក្សាធនធានព្រៃឈើ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត ៕ ដោយ៖ឡុង សំបូរ