គណៈប្រតិភូជាតិ និងអន្តរជាតិ ជាង១០០នាក់ បានមកទស្សនា អតីតរាជធានីបុរាណ នៃតំបន់ប្រាសាទកោះកេរ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ គណៈប្រតិភូជាតិ និងអន្តរជាតិ ប្រមាណជាង ១០០នាក់ បានមកទស្សនា អតីតរាជធានីបុរាណ នៃប្រាសាទកោះកេរ រូបតំណាងព្រះស្កន្ទកុមារ រួមទាំងប្រាសាទនានាជាច្រើនទៀត នៅក្នុងបរិវេណប្រាសាទកោះកេរ នៃខេត្តព្រះវិហារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ។

នៅក្នុងដំណើរទស្សនកិច្ច និងការទស្សនាប្រាសាទកោះកេរនាពេលនោះ ត្រូវគេដឹងថា បានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងជូន គណៈប្រតិភូអាស៊ាន ដៃគូសន្ទនា តំណាងអន្តររដ្ឋាភិបាល មកពីអាមេរិក, នីហ្សេរីយ៉ា, អឺរ៉ុប និងអ្នកជំនាញមកពីអង្គការក្រៅរដ្ឋាភិបាល អង្គការយូណេស្កូ ប្រចាំរាជធានីភ្នំពេញ UNIDROIT, WCO, Antiquity Coalition, Blue Shield, Heritage of Peace និង ALPH ដែលបានអញ្ជើញមកចូលរួមកម្មវិធីសន្និសីទអន្តរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ ការជួញដូរសម្បត្តិវប្បធម៌ ខុសច្បាប់។

នៅក្នុងដំណើរទស្សនកិច្ចនោះទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ចង់បង្ហាញទស្សនៈពីអាស៊ាន ទៅទស្សនាអតីតរាជធានីបុរាណ តំបន់ប្រាសាទកោះកេរ ក្នុងគោលបំណងឲ្យតំណាងអន្តររដ្ឋាភិបាល មន្ត្រីជំនាញ សិក្ខាកាម និងអ្នកចូលរួមទាំងអស់ បានដឹង និងស្គាល់ពីប្រវត្តិសាស្ត្រដ៏យូរលង់ នៃប្រាង្គប្រាសាទខ្មែរ យល់ពីព្រលឹងនៃប្រាសាទ និងភាពអស្ចារ្យប្លែកគ្នានៃប្រាសាទនីមួយៗ ពិសេសជាងនេះទៀត គឺបានឃើញពីសម្បត្តិវប្បធម៌ ដែលបានទទួលរងការបំផ្លិចបំផ្លាញនាសម័យសង្គ្រាម និងជាច្រើនទៀត ត្រូវបានលួចយកទៅលក់នៅទីផ្សារងងឹត។

«អតីតរាជធានី បុរីលិង្គ ឬ ឆោគគ៌្យរ»ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្ដើមកសាងរាជធានីនៅកោះកេរនាឆ្នាំ៩២១ នៃគ្រឹស្តសករាជ ហើយបានគ្រងរាជ្យជាផ្លូវការ ពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ នៃគ្រឹស្ដសរាជ។ បន្ទាប់មក ព្រះរាជបុត្រ ព្រះបាទហរសវរ្ម័នទី២ បានឡើងគ្រងរាជបន្តបានរយៈពេលខ្លី រហូតដល់ឆ្នាំ៩៤៤ នៃគ្រឹស្ដសករាជ។ ដែលរាជធានីរបស់ព្រះអង្គ នាសម័យនោះ មានឈ្មោះ «លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និង ឆោគគ៌្យរ ជាភាសាខ្មែរ» ដែលឈ្មោះបច្ចុប្បន្ន គឺប្រាសាទកោះកេរ។

នៅពេលកន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសហរដ្ឋអាមេ រិក កម្ពុជាទទួលបាននូវរូបបដិមាដ៏មានតម្លៃ គឺព្រះគណេស (Ganesha) និងព្រះស្កន្ទគង់លើក្ងោក (Skanda on a peacock) ដែលចម្លាក់ទាំងពីរនេះ មាននៅប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណ ពីឆ្នាំ៩២៨ ដល់ឆ្នាំ ៩៤៤ នៃគ.ស នឹងត្រូវបានបាត់បង់ដោយការលួចជីកគាស់ កកាយ និងនាំចេញទៅចរាចរជួញដូរដោយខុសច្បាប់ ជាមួយសម្បត្តិវប្បធម៌ជាច្រើនផ្សេងទៀត ក្នុងអំឡុងពេលសម័យសង្គ្រាម។

តាមរយៈសន្និសីទនេះ គឺជាឧទាហរណ៍មួយ នៃកិច្ចសហប្រតិបត្តិការពហុភាគី សម្រាប់ការអំពាវនាវរួមគ្នា ដើម្បីសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងការពារសម្បត្តិវប្បធម៌ ដែលជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ ។

នៅក្នុងសន្និសីទនេះ បានជំរុញឲ្យយើង ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីផលប៉ះពាល់នៃការចរាចរ និងការជួញដូរខុសច្បាប់ ដើម្បីអាចធានាថា ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ បានដឹងច្បាស់ពីសារសំខាន់ នៃបេតិកភណ្ឌ សម្រាប់សង្គមរបស់ខ្លួន និងការទទួលខុសត្រូវរបស់ពួកគេ ក្នុងកិច្ចការពារសម្បត្តិវប្បធម៌។

អង្គសន្និសីទ មានក្តីសង្ឃឹម និងជឿជាក់ថា ប្រជាជាតិអាស៊ីអាគ្នេយ៍ អឺរ៉ុប ដៃគូសន្ទនា មន្ត្រីជំនាញ និងអង្គការអន្តររដ្ឋាភិបាល នឹងមិនព្រងើយកន្តើយ រួមសហការគ្នាក្នុងការបង្កើតយន្តការរួម ដើម្បីទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងចាត់វិធានការផ្លូវច្បាប់ ទាមទារ ឬស្នើសុំមកវិញឱ្យបាន នូវសម្បត្តិវប្បធម៌នានា ទៅកាន់ប្រទេសដើមវិញ ដោយសន្ដិវិធី៕ ដោយ៖ឡុង សំបូរ