ផ្លែធុរេនវៀតណាម កំពុងសម្រុក ចេញទៅប្រទេសថៃតាមច្រករបៀងក្នុងខេត្តបាត់ដំបង

0

អត្ថបទ លោក ព្រាប.ស

ខេត្តបាត់ដំបង ÷ ផ្លែធុរេន និងផ្លែក្រូចថ្លុង របស់វៀតណាម កំពុងសម្រុកចេញតាមច្រករបៀងមួយចំនួនក្នុងខេត្តបាត់ដំបង ចូលទៅក្នុងប្រទេសថៃ ដែលធ្វើអោយមជ្ឈដ្ឋាននានាមានការពិចារណាខុសៗគ្នា ទៅតាមអ្វីដែលពួកគេមើលឃើញជាក់ស្តែង។
ចាប់ពីចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២២ នេះ គេសង្គេតឃើញថា ផ្លែឈើរបស់វៀតណាមកំពុងធ្វើចរាចរយ៉ាងគគ្រឹកគគ្រេង ដោយបានឆ្លងកាត់ប្រទេសកម្ពុជា ចេញតាមច្រករបៀងមួយចំនួន ចូលទៅក្នុងប្រទេសថៃយ៉ាងស្ងៀមស្ងាត់ ដែលគេមិនដឹងថា តើផ្លែឈើទាំងនេះត្រូវបន្តទៅប្រទេសផ្សេងទៀត ឬក៏ជាវិធីសាស្ត្រដើម្បីត្រឡប់ថយក្រោយនោះឡើយ។
បើតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា មួយរយ:នេះមានរថយន្តកុងតឺន័រដែលពាក់ស្លាកលេខវៀតណាមចេញចូលរាល់ថ្ងៃទៅកាន់ស្រុកចំនួន៣ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ គឺមានស្រុក សំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដែលរថយន្តទាំងនោះមានដឹកផ្លែធុរេន និងផ្លែក្រូចថ្លុង ដែលបានចូលសំចតដល់ក្បែមាត់អូរដើម្បីអោយកម្មករលី និងជញ្ជូនកេះផ្លែឈើទាំងនោះឆ្លងអូរចូលទៅក្នុងទឹកដីថៃ យ៉ាងរលូន បើទោះបីជានៅតាមច្រករបៀងទាំងនោះមានកម្លាំងវរ:ព្រំដែន កម្លាំងសឹករង និងកម្លាំំងសមត្ថកិច្ចចម្រុះនៅឈរជើងត្រៀបត្រាយ៉ាងណាក៏ដោយ។
លោក ម៉ុង សុី មេបញ្ជាការវរ:៨១៧ ដែលបានដាក់កម្លាំងឈរជើងនៅច្រកផ្សារចាស់ ក្នុងភូមិឈើទាល ឃុំសិរីមានជ័ ស្រុកសំពៅលូន ដែលជាច្រករថយន្តនេះចេញទំនិញបានបញ្ជាក់ថា លោកមិនសូវដឹងទេ សួរទៅខាងសឹករង និងលោកអភិបាលស្រុកទៅ (ភាសាដោះសារ)ដោយឡែកលោក ឈឹម សំណាង មេបញ្ជាការសឹករងស្រុកបាននិយាយថា ផ្លែឈើទាំងនះអាចបន្តទៅកាន់ប្រទេសចិន ដែលត្រូវឆ្លងកាត់កម្ពុជា និងថៃ ។ចំណែកលោកអភិបាលស្រុកសំពៅលូន លោក ហម សំខាន់ បានអះអាងថា រឿងការនាំផ្លែឈើចេញតាមច្រករបៀងខាងលើនេះ លោកមិនទាន់ទទួលបានសេចក្តីរាយការណ៍នៅឡើយទេ និយាយរួមគឺលោកមិនបានដឹងទាល់តែសោះ។
បើតាមប្រភពក្រៅផ្លូវការបានបង្ហើបថា ជួនការផ្លែធុរឹនទាំងនេះ អាចវិលត្រឡប់ថយក្រោយចូលមកកម្ពុជាវិញ បន្ទាប់ពីគេយកទៅកែកុនដាក់កេះកែប្រែជារបស់ថៃវិញរួចមក តែធាតុពិតជារបស់វៀតណាមសោះក៏អាចថាបានដែរ ហើយការត្រួតពិនិត្យរបស់កម្លាំងដែលឈរជើងនៅតាមបណ្តាច្រករបៀងអាចសើមមាត់រាល់ថ្ងៃ ផងដែរ៕