អភិបាលខេត្តកំពង់ចាម បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឲ្យសហការជាមួយប្រជាពលរដ្ឋ ដេីម្បីរួមគ្នា ទប់ស្កាត់ បង្រាបនូវបទល្មើសគ្រឿងញៀន

0

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន ជម្រុញ ដល់ សមត្ថកិច្ច ក៏ដូចជា អាជ្ញាធរ មូលដ្ឋាន ឲ្យ សហការ ជាមួយ ប្រជាពលរដ្ឋ ដេីម្បី រួមគ្នា ទប់ស្កាត់ បង្រាប នូវ បទល្មើស គ្រឿងញៀន ដេីម្បីការពារសហគមន៍យេីងពីការបំពានដោយគ្រឿងញៀនខុសច្បាប់ ការ ស្នេីឡេីង បែប នេះ ក្នុង កិច្ច ប្រជុំ សាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ ។

ក្នុង កិច្ច ប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ដើម្បី ជីវិត និង សហគមន៍ គ្មាន គ្រឿង ញៀន គឺត្រូវ មាន ការ ចូល រួម គ្រប់ ភាគី ដេីម្បី រួមគ្នា ធ្វើ ការ លុបបំបាត់ គ្រឿងញៀន ដូច្នេះ យើង ត្រូវ សំណូមពរ ដល់ ប្រជាពលរដ្ឋ និង ប្អូនៗ សិស្សានុសិស្ស ឲ្យ ផ្តល់ កិច្ច សហការ ជាពិសេស សូម ឲ្យ ថ្នាក់ ដឹក នាំ អាជ្ញាធរ មូលដ្ឋាន ក្រុម ព្រឹក្សា ឃុំ សង្កាត់ ទាំងអស់ ត្រូវ ចូលរួម ផ្ដល់ កិច្ច សហប្រតិបត្តិការ ណ៍ ដេីម្បី រួមគ្នា ទប់ស្កាត់ បង្ក្រាប បទល្មើស គ្រឿងញៀន ឲ្យ មានប្រសិទ្ធភាព ខ្ពស់តាមរយៈការរាយការណ៍ជាសម្ងាត់ ។
បេីតាមរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញ ឆ្នាំ២០២២ ក្នុង នោះ ក៏ មាន ការងារយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ផងដែរ ដោយ កម្លាំង ជំនាញ បានចុះបង្ក្រាប ៤៩ករណី ចាប់បាន ១៤៥នាក់ ដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌ស ១៤៧កញ្ចប់ ស្មើ ២៩៤,៤៤ក្រាម ថ្នាំញៀនគ្រាប់ ពណ៌ផ្កាឈូក (WY) ចំនួន ១៥គ្រាប់ ស្មើ ៣,៥៩ក្រាម ទូរស័ព្ទ ១១៨គ្រឿង ម៉ូតូ ០២គ្រឿង រថយន្ត ០២គ្រឿង ដាវ ០១ដើម កណ្ដៀវ ០១ ដែកចុងស្រួច ០១ដើម ជញ្ជីងអេឡិចត្រូនិច ០៤គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួន ផងដែរ ។

ក្នុង កិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៣.បញ្ហាផ្សេងៗ មួយ ចំនួន ផងដែរ ៕