អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ​ កាន់បិណ្ឌ​វេនទី៩​ នៅវត្តភ្នំព្រះវិហារ ក្នុងស្រុកបាធាយ

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បាន​អញ្ជើញ​កាន់បិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង​​មន្ត្រីរាជការ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ពុទ្ធបរិស័ទ​ជិតឆ្ងាយផងដែរ​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​អភិបាលខេត្ត និងមន្ត្រីរាជការ បានប្រគេនទ័យទានជាច្រើនមុខ មានដូចជា អង្គរ ១០០គីឡូក្រាម, មី ១កេសធំ, ទឹកដោះគោខាប់ ១កេសធំ, ត្រីខ ១កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ , ទឹកសុទ្ធ ៥កេស, តែ ៥គីឡូ, ស្ករស ៥គីឡូ , បាយ ម្ហូប និងផ្លែឈើ និងបច្ច័យសម្រាប់កសាងជាង ៥លានរៀល​។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្ប្រគេនទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ។

បន្ទាប់​ពី​ឯកឧត្តម​អភិបាលខេត្ត និង​មន្ត្រីរាជការ​ បានវេរនូវទេយ្យទាន និងគ្រឿងបរិក្ខាទាំងឡាយ ប្រគេនព្រះសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា រួចមក ព្រះគ្រូចៅអធិការវត្ត​ភ្នំ​ព្រះវិហារ​ បានថ្លែងនូវថេរដីកា អំណរគុណ ចំពោះ ថ្នាក់ដឹកនាំខេត្ត ព្រមទាំង សហការីទាំងអស់ និងសូមឧទ្ទិសបួងសួងទៅដល់ឌួងវិញ្ញានក្ខ័ន្ត បុព្វការីជន ក៏ដូចជាអ្នកមានគុណ មាន ៖ មាតា បិតា ជីដូនជីតា ញ្ញាតិការទាំង ៧សណ្ដាន ដែលបានចែកដ្ឋាន ទៅកាន់បរលោកខាងមុខ សូមមកទទួលយកនូវមគ្គផលទាំងអស់នេះ ហើយសូមបែរបកក្រោយ ឲ្យពរសព្វសាធុការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ សូមប្រកបតែពរជ័យ សេរីសួស្ដី សេចក្ដីសុខចំរើន គ្រប់ក្រុមគ្រួសារ ក្នុងបច្ចុប្បន្ន និងអនាគតជាតិ កុំបីឃ្លាងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា ស្ថិតក្នុងឱកាសដ៏ប្រសើរនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម​ អ៊ុន ចាន់ដា បានទូលប្រគេន តបទៅនឹងសំណូមពររបស់ ព្រះចៅអធិការវត្តភ្នំព្រះវិហារ ដែលបានសំណូមពរឲ្យជួយស្ថាបនាផ្លូវចូលវត្ត ប្រវែងប្រមាណជា ៦,០០០ ម៉ែត្រ ថា « ផ្លូវនោះគឺមានគម្រោងសាងសង់ហើយ ជាសមត្ថកិច្ចអន្តរក្រសួង ដែលមានក្រសួងកសិកម្ម ជាអនាបក្ស នៃការស្ថាបនាផ្លូវនេះ ជូនលោកយាយ លោកតា » ដោយគម្រោងផ្លូវនោះ ប្រជាពលរដ្ឋ និងទទួលបានសមិទ្ធផលនេះ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ ៕