អភិបាលរងខេត្តឧត្តរមានជ័យ ចំនួន ០៤រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ

0

ឧត្តរមានជ័យ៖ នៅសាលប្រជុំធំសាលាខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២​ ឯកឧត្តម ប៊ុន ហុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។

យោងតាមអនុក្រឹត្យលេខ ៥១៣ អនក្រ.តត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ និង អនុក្រឹត្យលេខ ៧០១ អនក្រ.តត ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គឺសម្រេចតែងតាំងមន្រ្តីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
#ឯកឧត្តមប៉ែន កុសល្យអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកអភិបាលរងខេត្ត ដែលទើបប្រកាសចូលកាន់មុខ​តំណែង​ថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយមនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

#ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕

#ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៍បានធ្វើការកែលម្អសោភ័ណភាពក្នុងខេត្ត យ៉ាងស្រស់បំព្រងផងដែរ៕ដោយ:ចាន់ ធី