អតីតយុទ្ធជនពិការខេត្តកំពង់ធំទទួលខ្នងផ្ទះទី២១១ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

0

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ ដែលមានជីវភាពខ្វះខាត ទទួលបានផ្ទះថ្មីមួយខ្នង ពីឧត្ត​មសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។

ពិធីប្រគល់ផ្ទះនេះ ដោយដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹង អាជ្ញាធរដែនដី ប្រគល់ផ្ទះជូនលោកពលទោព្រិន ព្រលិត អាយុ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៩ អង្គភាពកងពលលេខ១២ចាស់ តំបន់អានសេះ ខេត្តព្រះវិហារ  ត្រូវរបួសពិការពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអានសេះ ក្នុងអំឡុងឆ្នាំ១៩៩០ បច្ចុប្បន្នមានភរិយានិងកូនក្នុងបន្ទុកចំនួន៧នាក់  រស់នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឃើញពីភាពខ្វះខាត គ្មានជម្រកស្នាក់នៅសមរម្យ ទើបសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១១ តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត  ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ដោយគ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំប្រកបមុខរបរ រកទទួលទានដោយសុច្ចរិតទៀងត្រង់ និង អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវ វិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ -១៩  ៣ការពារនិង៣កុំ របស់សម្តេចតេជោហ៊ុន សែន ។

 

ក្នុងពិធីប្រគល់ផ្ទះ បានឧបត្ថម្ភ អំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករចំនួន ៥០គ.ក មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ  និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ លោកពលទោ ព្រិន  ព្រលិត បានសូមគោរពថ្លែងអំណរគុណ សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ  រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែនលុះអវសាន្តជីវិត  ។ដោយ ប៊ុន​រដ្ឋា