មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹង និងជនពិការ នៅស្រុកប្រាសាទបល្ល័ង្គ

0

ខេត្តកំពង់ធំ៖ ក្រោយពីទទួលបានព័ត៌មាន ស្តីអំពីស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ខ្វះខាតពីអាជ្ញាធរដែនដី ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនចាស់ជរាគ្មានទីពឹង និងជនពិការ និងប្រជាពលរដ្ឋនៅតាមលំនៅដ្ឋាន នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២  ភូមិតាឡែកថ្មី និងភូមិអណ្ដាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

 

លោកយាយ ជា ចាន់ អាយុ៩៥ ឆ្នាំនៅភូមិតាឡែកថ្មី ជាជនជាតិគួយ រស់នៅក្រោមដំបូលខ្ទមស្បូវកំសត់ មានកូន២នាក់  មានជំងឺសរសៃប្រសាទ មិនអាចប្រកបមុខររបរចិញ្ចឹមជីវិតបាន រស់នៅពឹងផ្អែកលើអ្នកជិតខាងជួយឧបត្ថម្ភម្ហូបអាហារប្រចាំថ្ងៃ រួមជាមួយនឹងជនពិការនិងចាស់ជរាគ្មានទីពឹង 3 គ្រួសារទៀតទទួលបានការជួយឧបត្ថម្ភផងដែរ។

ដោយឡែកលោកតា សូ កឺ អាយុ៧៥ឆ្នាំ រស់នៅភូមិអណ្ដាស់ ជាជនពិការ មានកូន៧នាក់ និងលោកយាយចាស់ជរាគ្មានទីពឹងចំនួន២នាក់ទៀត សុទ្ធតែមានជីវភាពរស់នៅលំបាកខ្វះខាត ងអាហារទទួលទានប្រចាំថ្ងៃ ទើបតែថ្ងៃនេះ ជាថ្ងៃបិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ បានទទួលអំណោយអង្ករ២៥ គីឡូក្រាម មីជាតិ១កេស ត្រីខកំប៉ុង១យូរ និងថវិកា មួយចំនួនផងដែរ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន ពិតជាមានចិត្តសែនសប្បាយរីករាយ ដោយសារធ្វើឲ្យ គាត់មានលទ្ធភាពក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃតាប្រពៃណីទំនៀមទម្លាប់ពីដូនតា និងសូមជូនពរ ឲ្យឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារ ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន សម្រេចការងារជោគជ័យគ្រប់ភារកិច្ច។

ដោយ ប៊ុន រដ្ឋា