លិចទូកមួយគ្រឿង និងរថយន្តដឹកទំនិញពីរគ្រឿង ធ្លាក់ចូលបាតស្ទឹងសែន តែតៃកុងរថយន្ត និងអ្នកបើកទូក បានរួចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅក្នុងឧបទ្ទវហេតុនាគ្រានោះ

0

ខេត្តព្រះវិហារ៖ រថយន្តមួយបាំងកន្លះ ២គ្រឿង ដែលដឹកទំនិញចាប់ហួយ និងទូកចម្លងអ្នកដំណើរ ១គ្រឿង បានលិចកប់ជ្រៅទៅក្នុងបាតស្ទឹងសែន គ្រាដែលទូកនោះ បានបើកចម្លងរថយន្តទាំងយប់ងងឹត ហើយគ្មានភ្លើងបំភ្លឺ ធ្វើឲ្យទូកអណ្តែកចុះក្រោម ហើយបានក្រឡាប់លិចចូលទៅក្នុងបាតស្ទឹង និងរហូតមកទល់នឹងពេលនេះ នៅមិនទាន់រកទូក និងរថយន្តទាំងនោះឃើញនៅឡើយទេ ។

រីឯមនុស្សយ៉ាងហោច ៦នាក់ បានគេចផុតពីគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុ ដែលបានកើតឡើង កាលពីម៉ោង ៩យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅកំពង់ចម្លង (ស្ទឹងសែន) ស្ថិតនៅក្នុងភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។

អធិការនគរបាលស្រុករវៀង លោកវរសេនីយ៍ឯក ស៊ឹម សាយ បានប្រាប់ឲ្យដឹងថា ពិតជាមានហេតុការណ៍លិចទួកចម្លងរថយន្តដឹកទំនិញខ្នាតតូច ២គ្រឿងនោះមែន ដោយម្ចាស់រថយន្តទាំង ២គ្រឿង ដែលរងការលិចបាត់ទៅក្នុងបាតស្ទឹងសែននោះ ឈ្មោះ កែវ ចាន់សូរិយ៉ា រស់នៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។ លោកថា នៅក្នុងហេតុការណ៍លិចទូកចម្លង ១គ្រឿង និងរថយន្ត ២គ្រឿងនោះ ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ដោយអ្នកទាំងនោះ បានតោងកាន និងតោងដើមឫស្សី ហែលទៅរកច្រាំងដីគោកទាំងយប់ងងឹត។

លោកវរសេនីយ៍ឯក ស៊ឹម សាយ បានឲ្យដឹងទៀតថា មនុស្សនៅក្នុងហេតុការណ៍លិចទូកចម្លងរថយន្តនោះមានចំនួន ៦នាក់ ក្នុងនោះ ២នាក់ជាអ្នកបើកទូក ចំណែក ៤នាក់ទៀត តៃកុងរយន្ត ២នាក់ និងព្រូរថយន្ត ២នាក់ មនុស្សទាំង ៦នាក់ បានរួចផុតពីគ្រោះថ្នាក់នោះហើយ។

លោកអធិការស្រុករវៀង បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកក្នុងពេលនោះ គឺ ដោយសារទូកចម្លងនោះ គ្មានភ្លើងបំភ្លឺផ្លូវ ទើបមើលច្រាំងអត់ឃើញ ហើយអណ្ដែតចុះទៅផ្នែកខាងក្រោម រួចក៏លិចចូលទៅក្នុងបាតស្ទឹងសែន ក្នុងពេលនោះទៅ ។ លោកបញ្ជាក់ទៀតថា រហូតមកទល់នឹងពេលនេះ ទាំងទូក និងរថយន្ត នៅពុំទាន់រកឃើញនៅឡើយទេ ៕ ដោយ៖ឡុង សំបូរ