អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងជាយថាហេតុ

0

ខេត្ត​កំពង់ធំ​  នៅព្រឹកថ្ងៃទី 22 ខែកញ្ញា ឆ្នាំ2022 លោកសាយ គឹ​ម​ឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកសាយ គឹ​មឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងជាយថាហេតុ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ដោយឡែកឃុំប្រឡាយបានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ជាប់គ្នាខ្លាំងជាងគេដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាននិងផ្លូវលំមួយចំនួន។
លោកបានបន្ថែមថាដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឲ្យលេងទឹក និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ ហើយរដ្ឋបាលឃុំត្រូវតាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលស្រុកដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។
ជាចុងបញ្ចប់លោកអភិបាលស្រុកក៏បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានសូមជួយកាយលូរដែលស្ទះនៅតាមភូមិឋានរបស់ខ្លួនដើម្បីជួយបន្ធូរ និងរំដោះទឹកឱ្យបានទាន់ពេលវេលានិងដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃ។